នៅក្នុងសម័យកាលដ៏មមាញឹកនៃឆ្នាំ២០២៦នេះ ការថែរក្សាសុខភាពផ្លូវចិត្ត និងខួរក្បាល គឺជារឿងដែលមិនអាចខ្វះបាន ។ មិនចាំបាច់ចំណាយពេលរាប់ម៉ោងនៅកន្លែងហាត់ប្រាណឡើយត្រឹមតែ ៥នាទីជារៀងរាល់ថ្ងៃ ជាមួយក្បាច់យូហ្គាសាមញ្ញៗ ក៏អាចជួយឱ្យខួរក្បាលរបស់អ្នកស្រឡះ ឆ្លាតវៃ និងរំសាយរាល់កង្វល់បានយ៉ាងពូកែស័ក្តិសម ។
ខាងក្រោមនេះ គឺជាលំហាត់ប្រាណយូហ្គាដែលអ្នកគួរអនុវត្ត៖
១. ក្បាច់ពត់ខ្លួនទៅមុខ
ក្បាច់នេះជួយឱ្យឈាមហូរទៅចិញ្ចឹមខួរក្បាលបានកាន់តែល្អ ដែលជាកត្តាជួយបង្កើនការចងចាំ និងភាពរហ័សរហួន។
-របៀបហាត់៖ ឈរឱ្យត្រង់ រួចយឺតៗឱនខ្លួនចុះក្រោមឱ្យដល់ដី (ឬត្រឹមជើង)។ រក្សាជំហរនេះរយៈពេល ៣០ វិនាទី ទៅ ១ នាទី។
-អត្ថប្រយោជន៍៖ ជួយកាត់បន្ថយការថប់បារម្ភ និងធ្វើឱ្យប្រព័ន្ធប្រសាទមានភាពស្ងប់ស្ងាត់។
២. ក្បាច់កូនក្មេង
នេះគឺជាក្បាច់ដ៏ល្អបំផុតសម្រាប់សម្រួលដល់ការដកដង្ហើម និងកម្ចាត់ស្ត្រេសដែលសេសសល់ពីការងារ។
-របៀបហាត់៖ លុតជង្គង់ចុះ រួចឱនខ្លួនទៅមុខឱ្យថ្ងាសប៉ះនឹងកម្រាល ហើយលាតដៃទៅមុខឱ្យត្រង់។ ដកដង្ហើមចូល-ចេញឱ្យវែងៗ។
-អត្ថប្រយោជន៍៖ ជួយឱ្យរាងកាយទាំងមូលបានសម្រាក និងកាត់បន្ថយការឈឺក្បាលដែលបណ្ដាលមកពីភាពតានតឹង។
៣. ការដកដង្ហើមឆ្លាស់រន្ធច្រមុះ
ទោះបីវាមើលទៅសាមញ្ញ ប៉ុន្តែវាមានឥទ្ធិពលខ្លាំងបំផុតទៅលើតុល្យភាពខួរក្បាលទាំងសងខាង។
-របៀបហាត់៖ អង្គុយពែនភ្នែនឱ្យត្រង់ខ្នង។ ប្រើមេដៃបិទរន្ធច្រមុះម្ខាង រួចដកដង្ហើមចូលតាមម្ខាងទៀត ហើយធ្វើការផ្លាស់ប្តូរគ្នាទៅវិញទៅមកយឺតៗ។
-អត្ថប្រយោជន៍៖ ជួយឱ្យខួរក្បាលមានភាពនឹងនរ បង្កើនការផ្តោតអារម្មណ៍ (Concentration) និងកាត់បន្ថយអរម៉ូនស្ត្រេស។
៤. ក្បាច់លើកជើងផ្អែកជញ្ជាំង
ក្បាច់នេះជួយសម្រួលដល់ចរន្តឈាមបញ្ច្រាសមកកាន់បេះដូង និងខួរក្បាលវិញ បន្ទាប់ពីអ្នកបានដើរ ឬឈរពេញមួយថ្ងៃ។
-របៀបហាត់៖ គេងផ្ងារ រួចលើកជើងទាំងពីរផ្អែកទៅនឹងជញ្ជាំងឱ្យត្រង់ រក្សាស្មារបស់អ្នកឱ្យនៅជាប់នឹងកម្រាល។
-អត្ថប្រយោជន៍៖ ជួយឱ្យស្មារតីភ្លឺស្វាង និងកាត់បន្ថយអាការៈស្រុតចុះនៃថាមពលនៅពេលរសៀល។
ហេតុអ្វីបានជាយូហ្គាជួយឱ្យឆ្លាត?
ការសិក្សាបានបង្ហាញថា យូហ្គាមិនត្រឹមតែជួយដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាជួយបង្កើនកម្រិតសារធាតុ GABA ក្នុងខួរក្បាល ដែលជួយកាត់បន្ថយការភ័យខ្លាច និងបង្កើនសមត្ថភាពដោះស្រាយបញ្ហា។ នៅពេលដែលចិត្តរបស់អ្នកស្ងប់ ខួរក្បាលនឹងមាន លំហ ច្រើនសម្រាប់ការច្នៃប្រឌិត និងការគិតបានវែងឆ្ងាយ។