យោងតាមការចុះផ្សាយពីប្រភពបរទេស ការចង់ឱ្យមុនឆាប់រាបស្មើក្នុងរយៈពេលខ្លី មិនមែនជារឿងពិបាកហួសពីសមត្ថភាពឡើយ ប្រសិនបើអ្នកអនុវត្តតាមការណែនាំរបស់អ្នកជំនាញសើស្បែកបានត្រឹមត្រូវ។
ជំហានដំបូងដែលសំខាន់បំផុតគឺការលាងសម្អាតមុខឱ្យបានស្អាតល្អ ២ ដងក្នុងមួយថ្ងៃ ជាមួយផលិតផលដែលទន់ភ្លន់បំផុត គ្មានជាតិទឹកអប់ ឬសារធាតុរក្សាទុកដែលបង្កការរមាស់ ដោយប្រើការម៉ាស្សាថ្នមៗជាវង់មូល ចៀសវាងការដុសខាត់ខ្លាំងៗដែលធ្វើឱ្យមុនកាន់តែរលាក។ អ្វីដែលអ្នកត្រូវចងចាំដាច់ខាតគឺ “ហាមច្របាច់ ឬអេះមុន” ព្រោះវាជាដើមហេតុបង្កឱ្យមានការឆ្លងមេរោគកាន់តែខ្លាំង និងបន្សល់ទុកនូវស្នាមខ្មៅ ឬស្នាមខួចដែលពិបាកព្យាបាលក្នុងរយៈពេលវែង។
ដើម្បីជួយឱ្យមុនឆាប់ជាសះស្បើយ ការប្រើថ្នាំលាបមុនដែលមានសារធាតុដូចជា Benzoyl peroxide ដើម្បីសម្លាប់បាក់តេរី ឬ Salicylic acid ដើម្បីជម្រុះកោសិកាងាប់ៗកុំឱ្យស្ទះរន្ធញើស គឺជាជំនួយការដ៏ពិសេសបំផុត។ ទន្ទឹមនឹងនេះ ការការពារស្បែកពីកម្ដៅថ្ងៃដោយការលាបឡេការពារកម្ដៅថ្ងៃ (SPF 30 ឡើងទៅ) ក៏មិនអាចខ្វះបានដែរ ព្រោះពន្លឺព្រះអាទិត្យអាចធ្វើឱ្យមុនរលាកកាន់តែខ្លាំង និងបង្កជាស្នាមខ្មៅដិត។
ការថែរក្សាពីខាងក្នុងក៏សំខាន់មិនចាញ់គ្នាឡើយ ដោយអ្នកគួរទទួលទានទឹកឱ្យបានយ៉ាងតិច ២ លីត្រក្នុងមួយថ្ងៃ ដើម្បីបន្សុទ្ធជាតិពុល និងសម្រាកឱ្យបានគ្រប់គ្រាន់ ៧ ទៅ ៨ ម៉ោង ដើម្បីឱ្យរាងកាយមានពេលជួសជុលកោសិកាស្បែកដែលខូចខាតឡើងវិញ។
ក្រៅពីនេះ ការផ្លាស់ប្តូរស្រោមខ្នើយឱ្យបានញឹកញាប់ ក៏ជួយការពារការសន្សំបាក់តេរីដែលនាំឱ្យកើតមុនថ្មីៗបន្ថែមទៀតដែរ។ ប្រសិនបើអ្នកអនុវត្តតាមវិធីសាស្ត្រទាំងនេះដោយការអត់ធ្មត់ និងហ្មត់ចត់បំផុត នោះអ្នកនឹងឃើញលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអាការៈមុននៅតែធ្ងន់ធ្ងរ ឬមិនមានការថយចុះ អ្នកគួរតែប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញសើស្បែកជាបន្ទាន់ ដើម្បីទទួលបានការព្យាបាលដែលចំគោលដៅ និងមានសុវត្ថិភាពបំផុតសម្រាប់ប្រភេទស្បែករបស់អ្នក៕