អាការៈក្រហាយទ្រូង ជាបញ្ហាគួរឱ្យរំខាន និងផ្ដល់ផលវិបាកគួរឱ្យព្រួយបារម្ភ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កត្តាច្រើនណាស់ដែលអាចបណ្ដាលឱ្យអាការៈនេះកើតឡើង មានចាប់ពីបញ្ហាច្រាលទឹកអាស៊ីតក្រពះដល់ការមានផ្ទៃពោះ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុទូទៅបំផុតដែលបង្កអាការៈក្រហាយទ្រូង ៖
១. ការច្រាលទឹកអាស៊ីតក្រពះ
ការទទួលទានអាហារ ឬភេសជ្ជៈដែលមានជាតិអាស៊ីត, ហឹរ, សម្បូរខ្លាញ់, កាហ្វេអ៊ីន និងកាបូ
ណាតច្រើនពេកអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះដែលនាំឱ្យអ្នកជួបប្រទះអាការៈក្រហាយទ្រូង។ ដូច្នេះដើម្បីជៀសផុតពីអាការៈក្រហាយទ្រូង ចូរកាត់បន្ថយការទទួលទានអាហារប្រភេទទាំងនេះ។ ការច្រាលទឹកអាស៊ីតក្រពះគ្រប់ពេលអាចបង្កទៅជាជំងឺ GERD ឬជំងឺច្រាលទឹកអាស៊ីតក្រពះ។
២. ជំងឺច្រាលទឹកអាស៊ីតក្រពះ (GERD)
អាការៈក្រហាយទ្រូងជារោគសញ្ញាទូទៅមួយនៃជំងឺច្រាលទឹកអាស៊ីតក្រពះ។ អ្វីដែលគួរឱ្យបារម្ភនោះ គឺអ្នកដែលមានជំងឺច្រាលទឹកអាស៊ីតក្រពះងាយទទួលរងការប្រឈមនឹងហានិភ័យខ្ពស់នៃបញ្ហាផ្សេងៗទាក់ទងជាមួយបំពង់អាហារ រួមទាំងជំងឺមហារីកបំពង់អាហារផងដែរ។
៣. ការមានផ្ទៃពោះ
អាការៈក្រហាយទ្រូងច្រើនកើតមានឡើងជាញឹកញាប់កំឡុងពេលមានផ្ទៃពោះ។ នោះក៏ព្រោះតែទារកដែលកំពុងលូតលាស់ក្នុងស្បូន គឺដាក់សម្ពាធលើក្រពះដែលធ្វើឱ្យងាយនឹងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះបង្កអាការៈក្រហាយទ្រូង។
៤. ការជក់បារី
យោងតាមអាជ្ញាធរសុខភាពជាច្រើនបានឱ្យដឹងថា ជាតិពុលផ្សេងៗក្នុងបារីអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះបង្កអាការៈក្រហាយទ្រូងគួរឱ្យព្រួយបារម្ភ។ ហើយអាការៈក្រហាយទ្រូងនេះអាចមានអារម្មណ៍ដូចទៅនឹងការគាំងបេះដូង។ ប្រសិនបើអ្នកជាអ្នកជក់បារី នោះអ្នកប្រហែលជាអាចជួបប្រទះអាការៈគាំងបេះដូងច្រើនជាងបញ្ហាក្រហាយដើមទ្រូងធម្មតាដោយការជក់បារី គឺបង្កើនហានិភ័យនៃជំងឺបេះដូង។
៥. ការប្រើប្រាស់ថ្នាំមួយចំនួន
មានប្រភេទនៃថ្នាំមួយចំនួនដែលបង្កឱ្យកើតមានអាការៈក្រហាយដើមទ្រូង។ អ្នកជំនាញជាច្រើននិយាយថា ថ្នាំបំបាត់ការឈឺចាប់, ការហើម និងថ្នាំអង់ទីប៊ីយោទិកប្រភេទមួយចំនួនអាចបង្កការរលាកស្រទាន់នៃបំពង់អាហារ និងបង្កើនបរិមាណនៃការផលិតអាស៊ីតរបស់ក្រពះ។ ទោះជាយ៉ាងណា ការទទួលទានប្រភេទនៃថ្នាំទាំងនេះជាមួយអាហារ និងទឹកច្រើន គឺអាចជួយបំបាត់អាការៈក្រហាយទ្រូងបាន៕