យោងតាមការចុះផ្សាយពីប្រភពបរទេស ការថែរក្សាក្លិនខ្លួនឱ្យក្រអូបស្រស់ស្រាយ មិនមែនពឹងផ្អែកតែលើការបាញ់ទឹកអប់ ឬប្រើរ៉ូលអន តែមួយមុខនោះទេ ប៉ុន្តែវាផ្ដើមចេញពីការបន្សុទ្ធរាងកាយខាងក្នុងតាមរយៈរបបអាហារ។
អាហារដំបូងដែលអ្នកគួរទទួលទានគឺ យ៉ាអួ ព្រោះវាសម្បូរទៅដោយសារធាតុប្រូបាយអូទិកដែលជួយតុល្យភាពប្រព័ន្ធរំលាយអាហារ កាត់បន្ថយការកកើតហ្គាស និងសារធាតុពុលដែលជាដើមហេតុនៃក្លិនខ្លួន និងក្លិនមាត់។ បន្ទាប់មកគឺ ខ្ញី និង ក្រូចឆ្មារ ដែលមានសមត្ថភាពខ្ពស់ក្នុងការសម្លាប់បាក់តេរី ជួយបន្សុទ្ធជាតិពុលក្នុងឈាម និងជួយឱ្យញើសដែលធ្លាប់តែមានក្លិនខ្លាំង ប្រែជាស្រាលស្ដើង និងមានតុល្យភាព pH ល្អសម្រាប់ស្បែក។
ចំពោះរុក្ខជាតិដែលមានក្លិនក្រអូបដូចជា ស្លឹកអង្កាម និង ផ្លែឈើអំបូរក្រូច (ដូចជា ក្រូចពោធិ៍សាត់ ឬក្រូចថ្លុង) សុទ្ធតែមានផ្ទុកប្រេងក្រអូបពីធម្មជាតិ និងវីតាមីន C ខ្ពស់ ដែលជួយជម្រុះបាក់តេរីមិនល្អ និងជួយឱ្យរាងកាយមានក្លិនស្រស់ស្រាយមានជីវិតជីវ៉ា។ ក្រៅពីនេះ ការទទួលទាន ផ្លែប៉ោម ជាប្រចាំក៏ជួយកម្ចាត់ជាតិពុលក្នុងពោះវៀន និងជួយឱ្យក្លិនកាយមានភាពប្រក្រតីបែបធម្មជាតិបំផុត។ បន្ថែមពីលើនេះ ឱសថបុរាណខ្មែរដូចជា ស្លឹកគ្រៃ និង ស្លឹកតយ ក៏ជាជំនួយការដ៏វិសេសវិសាលក្នុងការបន្សុទ្ធរាងកាយ ដែលអ្នកអាចយកមកដាំជាទឹកផឹក ដើម្បីឱ្យរាងកាយមានក្លិនក្រអូបប្រហើរដោយមិនបាច់ប្រើទឹកអប់ជំនួយឡើយ។
ដើម្បីទទួលបានប្រសិទ្ធភាពទ្វេដង អ្នកគួរផឹកទឹកឱ្យបានយ៉ាងតិច ៨ ទៅ ១០ កែវក្នុងមួយថ្ងៃ ដើម្បីជួយរាងកាយក្នុងការបញ្ចេញជាតិពុល និងកាត់បន្ថយការសន្សំបាក់តេរី។ ការរួមបញ្ចូលអាហារទាំង ៧ យ៉ាងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ រួមជាមួយការរក្សាអនាម័យខ្លួនប្រាណ និងការស្លៀកពាក់សម្លៀកបំពាក់ដែលមានខ្យល់ចេញចូលបានល្អ នឹងជួយឱ្យអ្នកមានទំនុកចិត្តខ្ពស់ និងមានក្លិនក្រអូបស្រស់ស្រាយពេញមួយថ្ងៃ ទោះបីជាត្រូវបំពេញការងារហត់នឿយយ៉ាងណាក៏ដោយ៕