យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីពីប្រទេសហ្វាំងឡង់ទៅលើស្ត្រីជិត ១៥,០០០ នាក់ បានរកឃើញនូវរបកគំហើញដ៏គួរឱ្យភ្ញាក់ផ្អើលអំពីទំនាក់ទំនងរវាង “ចំនួនកូន” និង “ល្បឿននៃភាពចាស់” របស់កោសិកាក្នុងរាងកាយស្ត្រី។
ការសិក្សានេះបានបង្ហាញថា ចំនួនកូនដែលល្អបំផុតសម្រាប់សុខភាព និងការពន្យារវ័យរបស់ស្ត្រី គឺការមានកូនចន្លោះពី ២ ទៅ ៣ នាក់។ ស្ត្រីនៅក្នុងក្រុមនេះមានអត្រានៃការស្តារកោសិកាឡើងវិញបានល្អបំផុត និងមានអាយុកាលវែងជាងគេ បើធៀបនឹងស្ត្រីដែលមិនមានកូនទាល់តែសោះ ឬស្ត្រីដែលមានកូនច្រើនពេក (ចាប់ពី ៦ ទៅ ៧ នាក់ឡើងទៅ) ដែលជាក្រុមប្រឈមនឹងការចុះខ្សោយនៃរាងកាយលឿន និងហានិភ័យសុខភាពខ្ពស់។
ក្រៅពីចំនួនកូន “វ័យដែលចាប់ផ្ដើមមានកូន” ក៏ជាកត្តាសំខាន់មិនអាចខ្វះបានដែរ ដោយអ្នកស្រាវជ្រាវបានផ្តល់អនុសាសន៍ថា ការមានកូនក្នុងចន្លោះអាយុពី ២៤ ដល់ ៣៨ ឆ្នាំ គឺជាពេលវេលាដ៏ស័ក្តិសមបំផុតដែលជួយឱ្យប្រព័ន្ធជីវសាស្ត្រក្នុងរាងកាយដំណើរការបានល្អ និងជួយឱ្យដំណើរការនៃភាពចាស់ប្រព្រឹត្តទៅយឺតជាងធម្មតា។
ហេតុផលវិទ្យាសាស្ត្រនៅពីក្រោយរឿងនេះគឺថា នៅពេលស្ត្រីមានកូនច្រើនពេក រាងកាយត្រូវប្រើប្រាស់ថាមពលយ៉ាងសន្ធឹកសន្ធាប់សម្រាប់ការចិញ្ចឹមបីបាច់ ដែលធ្វើឱ្យយន្តការជួសជុលកោសិកាធ្លាក់ចុះ។ ចំណែកឯស្ត្រីដែលមានកូនក្នុងចំនួនសមល្មម នឹងទទួលបានអត្ថប្រយោជន៍ពី “ការផ្លាស់ប្តូរអ័រម៉ូនដ៏វិសេសវិសាល” ដែលកើតឡើងតែក្នុងអំឡុងពេលមានផ្ទៃពោះ និងការបំបៅដោះកូន ដែលវាដើរតួជាឱសថទិព្វជួយរក្សាភាពក្មេងខ្ចីបានយ៉ាងអស្ចារ្យ៕