យោងតាមការចុះផ្សាយពីប្រភពបរទេស ការយល់ដឹងពីទម្រង់រូបរាងពិតប្រាកដរបស់ខ្លួនឯង គឺជាអាថ៌កំបាំងដ៏សំខាន់ដែលជួយឱ្យអ្នកជ្រើសរើសសម្លៀកបំពាក់បានយ៉ាងស័ក្តិសម និងបង្កើនទំនុកចិត្តទ្វេដង។
សម្រាប់នារីដែលមានរូបរាងបែបផ្លែប៉ោម ដែលមានស្មាធំ និងដើមទ្រូងពេញ ប៉ុន្តែមានក្បាលពោះបន្តិច អ្នកគួរជ្រើសរើសអាវកវីដើម្បីជួយឱ្យដងខ្លួនមើលទៅវែងជាងមុន និងស្លៀកសំពត់ខ្លីបង្ហាញរាងជើងស្រឡូនៗ ដើម្បីបង្វែរចំណាប់អារម្មណ៍ពីតំបន់ក្បាលពោះចេញ។ ដោយឡែក ចំពោះអ្នកដែលមានរូបរាងបែបនាឡិកាខ្សាច់ ដែលមានស្មា និងត្រគាកសមាមាត្រគ្នា រួមជាមួយចង្កេះអង្ក្រងដ៏ទាក់ទាញពីធម្មជាតិ អ្នកគួរជ្រើសរើសសម្លៀកបំពាក់ដែលសង្កត់ធ្ងន់លើចង្កេះ ដូចជាការប្រើខ្សែក្រវាត់ ឬរ៉ូបរឹបចង្កេះ ដើម្បីបង្ហាញភាពមានមន្តស្នេហ៍ឱ្យកាន់តែលេចធ្លោ។
ចំពោះនារីដែលមានរូបរាងបែបផ្លែសារី ដែលមានត្រគាក និងភ្លៅធំជាងផ្នែកខាងលើ អ្នកគួរជ្រើសរើសខោជើងធំ ឬខោជើងត្រង់ដែលមិនរឹបខ្លាំងពេក រួមជាមួយអាវដែលមានម៉ូដត្រង់ស្មា ឬអាវកវី ដើម្បីបង្កើតតុល្យភាពរវាងស្មា និងត្រគាកឱ្យមើលទៅស៊ីគ្នាបំផុត។ សម្រាប់អ្នកដែលមានរូបរាងចតុកោណកែង ដែលមានរាងស្មើៗគ្នាពីលើដល់ក្រោម អ្នកគួរប្រើខ្សែក្រវាត់ជួយបង្កើតរាងចង្កេះ និងជ្រើសរើសសម្លៀកបំពាក់ដែលមានផ្នត់ ឬម៉ូដប៉ោងនៅត្រង់ស្មា និងត្រគាក ដើម្បីបង្កើតឱ្យមានរាងកោងដែលមើលទៅមិនសំប៉ែតពេកឡើយ។
ជាចុងក្រោយ គឺនារីដែលមានរូបរាងត្រីកោណបញ្ច្រាស ដែលមានស្មាកាត់ធំជាងត្រគាកមើលទៅហាក់ដូចជាមាំមួន អ្នកគួរជ្រើសរើសសម្លៀកបំពាក់ដែលបង្កើនទំហំនៅផ្នែកខាងក្រោម ដូចជាសំពត់រីក ឬខោជើងធំៗ និងជៀសវាងអាវដែលមានម៉ូដស្មុគស្មាញនៅត្រង់ស្មា ដើម្បីជួយឱ្យរូបរាងទាំងមូលមើលទៅទន់ភ្លន់ និងសមសួនបំផុត។ ការជ្រើសរើសសម្លៀកបំពាក់ដោយផ្អែកលើចំណុចខ្លាំងនៃរូបរាងរបស់ខ្លួន មិនត្រឹមតែជួយលាក់បាំងចំណុចខ្វះខាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអ្នកមើលទៅមានភាពថ្លៃថ្នូរ និងស្រស់ស្អាតក្នុងគ្រប់ឱកាសទាំងអស់៕