យោងតាមការចុះផ្សាយពីប្រភពបរទេស ការជ្រើសរើសអាហារដែលមានប្រូតេអ៊ីនខ្ពស់ ប៉ុន្តែមានកាឡូរីទាប គឺជាគន្លឹះដ៏សំខាន់បំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់ បង្កើនសាច់ដុំ និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ។
បើតាមការណែនាំរបស់អ្នកជំនាញផ្នែកអាហារូបត្ថម្ភ អាហារដែលផ្តល់ប្រូតេអ៊ីនយ៉ាងតិច ៦ ក្រាម និងមានកាឡូរីមិនលើសពី ១៨០ ក្នុងមួយចំណែក ត្រូវបានចាត់ទុកថាជាជម្រើសដ៏វៃឆ្លាតបំផុតសម្រាប់របបអាហារប្រចាំថ្ងៃ ដើម្បីជួយឱ្យរាងកាយទទួលបានជីវជាតិគ្រប់គ្រាន់ដោយមិនបារម្ភរឿងលើសគីឡូ។
ទ្រូងមាន់ឈរនៅលំដាប់កំពូលគេបង្អស់ក្នុងបញ្ជីអាហារសម្រកទម្ងន់ ដោយសារវាផ្តល់ប្រូតេអ៊ីនរហូតដល់ ២៦ ក្រាម ប៉ុន្តែមានត្រឹមតែ ១២០ កាឡូរីប៉ុណ្ណោះ ដែលវាដើរតួនាទីយ៉ាងសកម្មក្នុងការជួយបង្កើតកោសិកាសាច់ដុំ រក្សាកម្លាំងឆ្អឹងឱ្យរឹងមាំ និងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរជៀសផុតពីការញ៉ាំផ្ដេសផ្ដាស។ បន្ទាប់មកគឺគ្រឿងសមុទ្រដូចជាបង្កង ដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតខ្លាញ់ល្អសម្រាប់បេះដូង និងខួរក្បាល រួមជាមួយសាច់ត្រីសាល់ម៉ុនដែលផ្តល់អូមេហ្គា ៣ យ៉ាងច្រើនលើសលប់ ជួយកាត់បន្ថយការរលាក និងពង្រឹងសុខភាពសរសៃឈាម។
ចំពោះអ្នកដែលនិយមរបបអាហារបែបធម្មជាតិ តៅហ៊ូគឺជាប្រភពប្រូតេអ៊ីនពីរុក្ខជាតិដ៏វិសេសវិសាល ដែលមិនត្រឹមតែជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវតុល្យភាពហ័រម៉ូនបានយ៉ាងល្អទៀតផង។ ក្រៅពីសាច់សត្វ និងរុក្ខជាតិ យ៉ាអួក្រិក ប្រភេទគ្មានជាតិខ្លាញ់ ក៏ជាជម្រើសដ៏អស្ចារ្យដែលផ្តល់ទាំងប្រូតេអ៊ីន និងបាក់តេរីល្អ សម្រាប់ជួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការរលូន បង្កើនល្បឿននៃការដុតរំលាយអាហារក្នុងរាងកាយ និងជួយកាត់បន្ថយសម្ពាធឈាមឱ្យមានស្ថិរភាព។
ការបញ្ចូលអាហារទាំងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ ជំនួសឱ្យការបង្អត់អាហារដោយខុសបច្ចេកទេស មិនត្រឹមតែជួយឱ្យអ្នកទទួលបានរាងកាយតឹងណែនស្អាត និងស្លីមស្រស់សោភានោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យកាន់តែខ្លាំងក្លា និងការពារការទ្រុឌទ្រោមនៃឆ្អឹងទៅតាមអាយុកាលបានយ៉ាងមានប្រសិទ្ធភាពបំផុត៕