យោងតាមការចុះផ្សាយពីប្រភពបរទេស ថ្លើមដើរតួនាទីយ៉ាងសំខាន់ក្នុងការចម្រោះឈាម បន្សាបជាតិពុល និងរក្សាសារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយ។
ដើម្បីជួយឱ្យសរីរាង្គដ៏សំខាន់មួយនេះដំណើរការបានល្អ អ្នកជំនាញផ្នែកអាហារូបត្ថម្ភបានណែនាំឱ្យបញ្ចូលអាហារពិសេសៗមួយចំនួនទៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីជួយសម្រាលបន្ទុក និងស្ដារសមត្ថភាពថ្លើមឡើងវិញ។
អត្ថប្រយោជន៍ដំបូងគេបានមកពីតែបៃតង ដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារថ្លើមពីការយាយីនៃរ៉ាឌីកាល់សេរី និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ បន្ទាប់មកគឺបន្លែត្រកូលស្ពៃ ដូចជា ផ្កាស្ពៃខៀវ និងស្ពៃក្តោប ដែលមានសារធាតុ Glutathione ជួយជំរុញអង់ស៊ីមថ្លើមឱ្យធ្វើការបន្សាបជាតិពុល និងកម្ចាត់សារធាតុកាត់មហារីកបានយ៉ាងពូកែ។ គ្រឿងទេសដូចជារមៀត និងខ្ទឹមស ក៏ជាជំនួយការមិនអាចខ្វះបានដែរ ដោយរមៀតជួយជួសជុលកោសិកាថ្លើម និងបញ្ចេញជាតិលោហៈធ្ងន់ ចំណែកខ្ទឹមសសម្បូរទៅដោយសារធាតុ Selenium និង Sulfur ដែលការពារថ្លើមពីការខូចខាត។
ក្រៅពីនេះ ផ្លែឈើត្រកូលក្រូច ដូចជា ក្រូចថ្លុង ក្រូចពោធិ៍សាត់ និងក្រូចឆ្មារ ដែលសម្បូរវីតាមីន C នឹងជួយបំប្លែងជាតិពុលឱ្យទៅជាទម្រង់រលាយក្នុងទឹក ដើម្បីងាយស្រួលក្នុងការបញ្ចេញចោលពីរាងកាយ។ ការជ្រើសរើសរបបអាហារទាំងនេះ គឺជាវិធីសាស្ត្រធម្មជាតិដ៏មានប្រសិទ្ធភាពក្នុងការ “បោកសម្អាត” ថ្លើមរបស់អ្នកឱ្យស្អាត និងមានសុខភាពល្អពីខាងក្នុង។
ដើម្បីឱ្យថ្លើមរឹងមាំយូរអង្វែង ការរក្សាទម្ងន់ឱ្យបានសមសួន ហាត់ប្រាណឱ្យបានទៀងទាត់ និងផឹកទឹកឱ្យបានគ្រប់គ្រាន់ ក៏ជាគន្លឹះមិនអាចខ្វះបានក្នុងបង្ការជំងឺថ្លើមខ្លាញ់ និងជួយឱ្យថ្លើមបញ្ចេញជាតិពុលតាមរយៈទឹកនោម និងញើសបានយ៉ាងរហ័ស។ ការពិនិត្យសុខភាពថ្លើមឱ្យបានទៀងទាត់ ក៏ជួយឱ្យអ្នកដឹងពីស្ថានភាពសុខភាព និងបង្ការជំងឺផ្សេងៗបានទាន់ពេលវេលាបំផុត៕