យោងតាមការចុះផ្សាយពីប្រភពបរទេស ការទិញសាច់ជ្រូកដែលច្រកក្នុងថាសតាមផ្សារទំនើបផ្ដល់ភាពងាយស្រួល និងមានអនាម័យ ប៉ុន្តែប្រសិនបើអ្នកមិនពិនិត្យឱ្យបានដិតដល់ទេ អ្នកអាចនឹងរើសចំសាច់ដែលទុកចោលយូរ ឬបាត់បង់គុណភាព។
សញ្ញាដំបូងដែលអ្នកគួរជៀសវាងបំផុត គឺថាសដែលមានទឹកពណ៌ក្រហមដក់នៅបាតច្រើនជ្រុល ព្រោះវាជាសញ្ញាបញ្ជាក់ថា សាច់នោះត្រូវបានរក្សាទុកយូរ រលាយជាតិទឹក ឬធ្លាប់ឆ្លងកាត់ការក្លាសេទឹកកកហើយយកមកទុកក្នុងទូត្រជាក់វិញ ដែលធ្វើឱ្យរសជាតិសាច់លែងឆ្ងាញ់ដូចមុន។ បន្ថែមពីនេះ អ្នកគួរពិនិត្យពណ៌សាច់ដោយប្រុងប្រយ័ត្ន សាច់ជ្រូកដែលស្រស់ត្រូវតែមានពណ៌ផ្កាឈូក ឬក្រហមខ្ចីបែបធម្មជាតិ ចំណែកសាច់ដែលប្រែពណ៌ទៅជាក្រមៅ ប្រផេះ ឬស្លេកខុសធម្មតា គឺជាសញ្ញានៃការកកើតអុកស៊ីតកម្ម ដែលធ្វើឱ្យគុណភាព និងជីវជាតិធ្លាក់ចុះ។
ក្រៅពីសាច់ សំបកវេចខ្ចប់ក៏ជាចំណុចសំខាន់ដែលមិនគួររំលងឡើយ ប្រសិនបើអ្នកឃើញស្រទាប់ប្លាស្ទិកដែលរុំពីលើមានសភាពហើម ប៉ោង ឬធូររលុង មិនតឹងណែនជាប់សាច់ទេនោះ វាអាចបណ្តាលមកពីការប៉ះទង្គិចពេលដឹកជញ្ជូន ឬការរក្សាទុកយូរពេកដែលធ្វើឱ្យខ្យល់ចូល។ កត្តាមួយទៀតដែលមនុស្សភាគច្រើនតែងតែភ្លេច គឺការពិនិត្យកាលបរិច្ឆេទវេចខ្ចប់ និងកាលបរិច្ឆេទផុតកំណត់នៅលើស្លាកសញ្ញា ព្រោះជាទូទៅសាច់ដែលដាក់នៅជួរមុខគេបំផុត ច្រើនតែជាសាច់ដែលជិតផុតកំណត់។
ជាចុងក្រោយ ប្រសិនបើអ្នកទិញមកដល់ផ្ទះហើយនៅពេលបើកមកមានក្លិនជូរ ឬក្លិនឆ្អេះខុសប្លែកពីក្លិនសាច់ស្រស់ធម្មតា អ្នកមិនគួរយកមកចម្អិនបរិភោគឡើយដើម្បីសុវត្ថិភាពសុខភាព។ ការចំណាយពេលត្រឹមតែប៉ុន្មានវិនាទីដើម្បីសង្កេតមើលសាច់ដែលមានសភាពស្ងួតល្អ ពណ៌ស្រស់ និងការវេចខ្ចប់ត្រឹមត្រូវ នឹងជួយឱ្យអាហារគ្រួសាររបស់អ្នកកាន់តែមានរសជាតិ និងមានសុវត្ថិភាពខ្ពស់បំផុត៕