យោងតាមការចុះផ្សាយពីប្រភពបរទេស ការធ្វើជាម្ចាស់ឆ្មាដ៏ល្អ មិនមែនមានត្រឹមតែចំណីឆ្ងាញ់ៗ ឬរបស់លេងពេញផ្ទះនោះទេ ប៉ុន្តែការយកចិត្តទុកដាក់លើអនាម័យត្រង់ចំណុចដែលពួកវាតម្រឹតខ្លួនឯងមិនដល់ គឺជាការបង្ហាញក្ដីស្រឡាញ់ដ៏ល្អបំផុត។ ការបណ្ដោយឱ្យចំណុចទាំងនោះកខ្វក់យូរទៅ មិនត្រឹមតែធ្វើឱ្យ ឆ្មារបស់អ្នកមានក្លិនមិនល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពបង្កមេរោគដែលធ្វើឱ្យវាធ្លាក់ខ្លួនឈឺបានយ៉ាងងាយ។
ចំណុចដំបូងដែលត្រូវយកចិត្តទុកដាក់បំផុតគឺ ស្លឹកត្រចៀក និងរន្ធត្រចៀក ដែលជាកន្លែងសន្សំសំចៃធូលី និងសំណើមបង្កឱ្យមានមេរោគផ្សិត ឬសត្វល្អិតក្នុងត្រចៀក ដូច្នេះអ្នកគួរប្រើសំឡីជូតសម្អាតឱ្យបានថ្នមៗជាប្រចាំ។ បន្ទាប់មកគឺ ជុំវិញភ្នែក និងចង្អូរទឹកភ្នែក ដែលងាយនឹងឡើងក្រមរ និងបង្កការរលាកស្បែកក្រោមភ្នែក ប្រសិនបើមិនបានជូតសម្អាតជាតិទឹកភ្នែកដែលហូរចេញមកជារៀងរាល់ថ្ងៃ។ ចំណែកឯ ក្នុងមាត់ និងធ្មេញ ក៏សំខាន់មិនអាចរំលងបានដែរ ព្រោះកាកសំណល់អាហារដែលជាប់តាមធ្មេញអាចក្លាយជាកំបោរធ្មេញ ធ្វើឱ្យមានក្លិនមាត់ធ្ងន់ធ្ងរ និងរលាកអញ្ចាញ ដែលតម្រូវឱ្យម្ចាស់ត្រូវជួយដុសធ្មេញ ឬជូតអញ្ចាញឱ្យពួកគេជាប្រចាំ។
ក្រៅពីផ្ទៃមុខ បាតជើង និងចន្លោះម្រាមជើង ក៏ជាកន្លែងប្រមូលផ្ដុំមេរោគ និងកម្ទេចខ្សាច់អនាម័យ ដែលឆ្មាអាចលិទ្ធចូលទៅក្នុងខ្លួន ឬបង្កឱ្យមានរបួសនៅបាតជើង ដូច្នេះការជូតសម្អាតបាតជើងក្រោយពួកគេចេញពីធុងខ្សាច់ជារឿងចាំបាច់បំផុត។ ចំណុចចុងក្រោយគឺ ជុំវិញរន្ធគូទ និងក្រោមគល់កន្ទុយ ជាពិសេសចំពោះឆ្មាដែលមានរោមវែង ឬឆ្មាដែលមានធាត់ជ្រុល ដែលមិនអាចតម្រឹតសម្អាតខ្លួនឯងដល់។
ការប្រើកន្សែងសើមសម្រាប់សត្វចិញ្ចឹមជូតសម្អាតកាកសំណល់កខ្វក់នៅតំបន់នេះ នឹងជួយឱ្យពួកវាមានអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយការរលាកស្បែក និងរក្សាអនាម័យបានល្អឥតខ្ចោះតាំងពីក្បាលដល់ចុងកន្ទុយ៕