យោងតាមការចុះផ្សាយពីប្រភពបរទេស ការទទួលទានតែម៉ាត់ឆាបានក្លាយជាទម្លាប់ពេញនិយមសម្រាប់អ្នកស្រឡាញ់សុខភាព ព្រោះវាប្រៀបដូចជា “កំណប់ទ្រព្យនៃសារធាតុចិញ្ចឹម” ដែលផ្ដល់ផលវិជ្ជមានដល់រាងកាយយ៉ាងអស្ចារ្យ ចាប់តាំងពីកម្រិតកោសិកា រហូតដល់ស្មារតី។
អត្ថប្រយោជន៍ចម្បងនៃម៉ាត់ឆា គឺថាមពលប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាពីសារធាតុ EGCG ដែលមានកម្រិតខ្ពស់ជាងតែបៃតងធម្មតារហូតដល់ ១៣៧ ដង ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការរលាកក្នុងកោសិកា ជួយឱ្យស្បែកភ្លឺថ្លា កាត់បន្ថយមុន និងពន្យារភាពចាស់។ សម្រាប់អ្នកដែលចង់រក្សារាង ម៉ាត់ឆាជួយបង្កើនការដុតរំលាយអាហារបានរហូតដល់ ១៧% ព្រមទាំងជួយតុល្យភាពកូឡេស្តេរ៉ុល និងការពារសុខភាពបេះដូងឱ្យរឹងមាំ។
អ្វីដែលធ្វើឱ្យម៉ាត់ឆាពិសេសជាងកាហ្វេ គឺវត្តមាននៃអាស៊ីតអាមីណូ L-Theanine ដែលនៅពេលវាធ្វើការរួមគ្នាជាមួយជាតិកាហ្វេអ៊ីន វានឹងបង្កើតឱ្យមានសភាព “ភ្ញាក់រលឹកបែបស្ងប់ស្ងាត់” ជួយឱ្យអ្នកមានអារម្មណ៍មូលក្នុងស្មារតី និងបង្កើនការផ្ដោតអារម្មណ៍បានល្អបំផុត ដោយមិនបង្កឱ្យមានអាការៈញ័រទ្រូងឡើយ ថែមទាំងជួយកាត់បន្ថយភាពស្ត្រេស និងការពារខួរក្បាលពីជំងឺវង្វេងក្នុងរយៈពេលវែង។
ទោះជាយ៉ាងណា ដើម្បីទទួលទានដោយសុវត្ថិភាព អ្នកមិនគួរផឹកលើសពី ២-៣ កែវក្នុងមួយថ្ងៃ ដើម្បីជៀសវាងការលើសជាតិកាហ្វេអ៊ីនដែលនាំឱ្យគេងមិនលក់ ហើយគួរជៀសវាងការផឹកនៅពេលពោះទទេ ព្រោះសារធាតុតានីនដ៏ប្រមូលផ្ដុំអាចធ្វើឱ្យរមាស់ក្រពះ។ អ្វីដែលសំខាន់បំផុត គឺត្រូវជ្រើសរើសម៉ាត់ឆាកម្រិត Premium ដែលមានប្រភពដាំដុះស្អាត ដើម្បីធានាថាអ្នកមិនទទួលបានសារធាតុសំណ ឬលោហៈធ្ងន់ដែលដក់ជាប់ក្នុងស្លឹកតែ។
ការផឹកម៉ាត់ឆាក្នុងបរិមាណល្មម និងមានគុណភាពខ្ពស់ គឺជាគន្លឹះដ៏វិសេសក្នុងការថែរក្សាសុខភាព និងសម្រស់ពីខាងក្នុងមកខាងក្រៅយ៉ាងមានប្រសិទ្ធភាព៕