យោងតាមការចុះផ្សាយពីប្រភពបរទេស តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សពីរនាក់ញ៉ាំប្រូតេអ៊ីនក្នុងបរិមាណស្មើគ្នា តែម្នាក់មានរាងស្អាតមាំមួន ឯម្នាក់ទៀតបែរជាហើមសាច់ អស់កម្លាំង និងមានបញ្ហាតម្រងនោម? ចម្លើយគឺស្ថិតនៅលើ “ប្រភពនៃប្រូតេអ៊ីន” ដែលអ្នកបានជ្រើសរើស។ មិនមែនឱ្យតែមានពាក្យថាប្រូតេអ៊ីន សុទ្ធតែល្អចំពោះរាងកាយនោះទេ បើអ្នកមិនចេះបែងចែករវាង “មិត្តពិត” និង “សត្រូវបង្កប់ខ្លួន” ក្នុងចានអាហាររបស់អ្នក។
ប្រូតេអ៊ីនល្អ គឺជាវីរបុរសពិតប្រាកដសម្រាប់អ្នកស្រឡាញ់សុខភាព និងចង់បានសាច់ដុំមាំមួន។ វាមានប្រភពចេញពីអាហារធម្មជាតិដែលស្អាត និងបរិសុទ្ធដូចជា ទ្រូងមាន់ ផ្នែកស៊ុតស ត្រីសាច់ស តៅហ៊ូ និងសណ្តែកជាដើម។ ប្រូតេអ៊ីនប្រភេទនេះសម្បូរទៅដោយសារធាតុចិញ្ចឹមដែលរាងកាយអាចយកទៅប្រើប្រាស់បានពេញលេញ មានជាតិខ្លាញ់ទាប និងគ្មានសារធាតុរក្សាទុកដែលនាំឱ្យប៉ះពាល់ដល់រាងកាយ។ លទ្ធផលដែលទទួលបានគឺសាច់ដុំឡើងណែនស្អាត ស្បែកភ្លឺថ្លា មានថាមពលពេញលេញ និងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានយ៉ាងល្អប្រសើរ។
ផ្ទុយទៅវិញ ប្រូតេអ៊ីនអាក្រក់ គឺជាអ្នកបំផ្លាញសុខភាពដែលមកក្នុងរូបភាពជាអាហារកែច្នៃខ្លាំង ដូចជា សាច់ក្រក ហ្សំបុង បាសឺន និងប្រហិតដែលផលិតតាមរោងចក្រ។ ទោះបីជាវាផ្ដល់នូវបរិមាណប្រូតេអ៊ីនខ្លះមែន ប៉ុន្តែវាបានមកជាមួយនូវជាតិសូដ្យូមដ៏ច្រើនលើសលប់ សារធាតុគីមីរក្សាទុកបង្កមហារីក និងខ្លាញ់ឆ្អែតខ្ពស់បំផុត។
ការញ៉ាំប្រូតេអ៊ីនប្រភេទនេះនឹងធ្វើឱ្យអ្នកហើមពោះ ស្រកទម្ងន់ពិបាក ប្រឈមនឹងជំងឺបេះដូង និងធ្វើឱ្យថ្លើម និងតម្រងនោមធ្វើការធ្ងន់ធ្ងរខុសពីធម្មតា។
ដូច្នេះ មុននឹងសម្រេចចិត្តញ៉ាំនៅពេលក្រោយ ចូរឈប់មើលតែចំនួនក្រាមប្រូតេអ៊ីន ហើយងាកមកពិនិត្យមើលប្រភពដើមនៃអាហារវិញ។ ការជ្រើសរើសប្រូតេអ៊ីនល្អគឺជាការផ្ដល់តម្លៃដល់រាងកាយ និងជាគន្លឹះដ៏សំខាន់ដើម្បីទទួលបានសុខភាពមាំមួន និងជីវិតដ៏ស្រស់បំព្រង។ ចងចាំថា ការញ៉ាំត្រូវ ជីវិតនឹងប្រសើរ តែបើញ៉ាំខុស រាងកាយនឹងទ្រុឌទ្រោមទៅតាមនោះដែរ៕