យោងតាមការចុះផ្សាយពីប្រភពបរទេស ស្នេហាចម្ងាយឆ្ងាយ មិនមែនជាទីបញ្ចប់នៃសុភមង្គលឡើយ ប្រសិនបើដៃគូទាំងសងខាងចេះប្រើប្រាស់ “ចម្ងាយ” ធ្វើជាការតេស្តសាកល្បងនូវកម្លាំងចិត្ត និងភាពស្មោះត្រង់ឱ្យកាន់តែរឹងមាំ។
គន្លឹះដំបូងបំផុតគឺការរក្សាទំនាក់ទំនងតាមរយៈបច្ចេកវិទ្យា ដោយការហៅវីដេអូសួរសុខទុក្ខគ្នាឱ្យបានទៀងទាត់ និងការព្រមព្រៀងគ្នាលើពេលវេលាឱ្យបានច្បាស់លាស់ ជាពិសេសសម្រាប់គូស្នេហ៍ដែលរស់នៅប្រទេសខុសម៉ោងគ្នា ដើម្បីចៀសវាងភាពខ្វះចន្លោះក្នុងការផ្ដល់កម្លាំងចិត្ត។ ការឧស្សាហ៍បំពេញភាពផ្អែមល្ហែមតាមរយៈសារស្រឡាញ់ ឬសកម្មភាពតូចតាចដែលនឹកស្មានមិនដល់ នឹងជួយឱ្យបេះដូងទាំងពីរនៅកៀកគ្នាជានិច្ច ទោះបីជាកាយនៅម្នាក់ម្ខាងមេឃក៏ដោយ។
លើសពីការទាក់ទង ភាពជឿជាក់ និងការផ្ដល់តម្លៃឱ្យគ្នាគឺជា “អាវុធ” ដ៏សំខាន់ដែលការពារស្នេហាពីការសង្ស័យ និងភាពតានតឹង។ ការមិនតាមដានហួសហេតុ និងការនិយាយពាក្យថា “ស្រឡាញ់” ឱ្យបានញឹកញាប់ គឺជាថាមពលដ៏មហាសាលដែលធ្វើឱ្យដៃគូមានអារម្មណ៍កក់ក្ដៅ និងមានសុវត្ថិភាពក្នុងទំនាក់ទំនង។
ជាចុងក្រោយ អ្វីដែលមិនអាចខ្វះបានគឺការចំណាយពេលជួបគ្នាផ្ទាល់នៅពេលមានឱកាស ព្រោះការកាន់ដៃ និងការឱបពិតៗគឺជាការបញ្ចូលថាមពលស្នេហាឱ្យកាន់តែស្អិតរមួតលើសពីអ្វីៗទាំងអស់។ នៅពេលអ្នកទាំងពីររួមគ្នាឆ្លងកាត់ឧបសគ្គនៃចម្ងាយផ្លូវនេះបាន វានឹងក្លាយជាគ្រឹះដ៏មាំមួនដែលគ្មានអ្វីអាចមកបំបែកបំបាក់ស្នេហារបស់អ្នកបានឡើយ៕