តើមានអ្វីកើតឡើងទៅប្រសិនបើអ្នកចេះតែចង់ទំពារ ឬឃ្លានរហូតមិនឈប់សោះ? ដំបូងអ្នកត្រូវដឹង ឬយល់ថាតើហេតុអ្វីបានជាអ្នកឃ្លាន ហើយឃ្លានបែបណាជាមុនសិន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលបណ្ដាលឱ្យអ្នកចេះតែឃ្លានមិនឈប់ ហើយថាតើគួរដោះស្រាយបែបណា ៖
១. ស្រេកទឹក
ប្រសិនបើអ្នកទើបនឹងទទួលទានច្រើនឆ្អែតហើយសោះ ស្រាប់តែឃ្លានទៀតនោះអ្នកប្រហែលជាកំពុងស្រេកទឹក។ ទទួលទានទឹកធម្មតា ១ កែវ ហើយរងចាំបន្តិច។ ប្រសិនបើអារម្មណ៍ឃ្លានបាត់ថយចុះនោះមួយស្របក់ទៀតអ្នកនឹងឈប់ឃ្លានតែម្ដង។ ជម្រើសដ៏ប្រសើរបំផុត គឺហ្វឹកហាត់រាងកាយឱ្យទទួលទានទឹកច្រើននៅពេលព្រឹក និងកន្លះម៉ោងមុនរាល់ពេលអាហារ។
២. គេងមិនគ្រប់
ជាមួយនឹងការគេងបានស្កប់ពី ៧ ទៅ ៨ ម៉ោង នោះអារម្មណ៍ឃ្លានមិនធ្វើឱ្យអ្នកភ្ញាក់ឡើងកំឡុងពេលយប់ឡើយ។ នៅពេលយប់រាងកាយផលិតអ័រម៉ូនមេឡាតូនីនដែលទទួលខុសត្រូវមិនត្រឹមតែចំពោះដំណើរការប្រក្រតីនៃសរីរាង្គ, គ្រប់គ្រងការឃ្លានប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះរូបរាងផងដែរ។ ដើម្បីទទួលបានភាពស្រស់ស្រាយ និងសម្រស់ស្រស់ស្អាត ចូរព្យាយាមគេងលក់មុនពាក់កណ្ដាលយប់។
៣. អាកប្បកិរិយាដែលស្ថិតក្រោមភាពតានតឹង
នៅពេលជួបប្រទះបញ្ហាតានតឹងក្នុងអារម្មណ៍មនុស្សមួយចំនួនមិនឃ្លានទទួលទានអ្វីឡើយ ខណៈដែលអ្នកខ្លះទៀតឃ្លានទទួលទានអាហារជាច្រើនទប់ទល់នឹងស្ថានភាពនេះ។ ដើម្បីដោះស្រាយបញ្ហានេះ ចូរចាំថាភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសមិនមែនអាចតែត្រូវបានដោះស្រាយដោយការទទួលទានអាហារផ្សេងៗ ឬអាហារផ្អែមច្រើនឡើយ។ ជំនួសមកវិញ អ្នកអាចជជែកលេង ឬពិភាក្សាជាមួយសមាជិកគ្រួសារ, ធ្វើលំហាត់ប្រាណ, ដើរលេងក្នុងសួន, មើលរឿងសំណព្វចិត្ត និងអានសៀវភៅជាដើម។
៤. កង្វះប្រូតេអ៊ីន
កុំភ្លេចរួមបញ្ចូលជាតិប្រូតេអ៊ីនក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ក៏ព្រោះវាអ្វីដែលធ្វើឱ្យអ្នកមានថាមពល, ស្វាហាប់, រស់រវើក និងឆ្អែតស្កប់ស្កល។ បន្លែ និងផ្លែឈើ គឺល្អសម្រាប់សុខភាព ប៉ុន្តែប្រូតេអ៊ីនគួរមានជាចាំបាច់ក្នុងរបបអាហារ។ ប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនមានដូចជា សាច់គ្មានខ្លាញ់, សាច់មាន់, ស៊ុត និងច្រើនទៀត។
៥. កង្វះជាតិខ្លាញ់សុខភាពល្អ
ខ្លាញ់ល្អ គឺចាំបាច់ណាស់សម្រាប់សុខភាពរាងកាយ និងជួយគ្រប់គ្រងការឃ្លាន។ ប្រភពនៃខ្លាញ់ល្អមានដូចជា ប្រេងអូលីវ, ត្រីក្រហម, គ្រាប់ធញ្ញជាតិ, ផ្លែបឺរ និងគ្រាប់ពូជ។ ដូច្នេះដើម្បីជាការប្រសើរ កុំភ្លេចរួមបញ្ជូលប្រភេទនៃខ្លាញ់ល្អក្នុងរបបអាហាររបស់អ្នក៕