យោងតាមការចុះផ្សាយពីប្រភពបរទេស ការញ៉ាំសាច់គោដែលស្រុះក្នុងឆ្នាំងស៊ុបត្រឹមតែប៉ុន្មានវិនាទី ឬការញ៉ាំសាច់គោចម្អិនមិនឆ្អិន គឺជាទម្លាប់ដែលមនុស្សជាច្រើនយល់ថាឆ្ងាញ់ ប៉ុន្តែវាបង្កហានិភ័យខ្ពស់ដល់សុខភាព។
ការស្រុះសាច់ត្រឹមតែមួយភ្លែត មិនអាចសម្លាប់បាក់តេរី និងពងព្រូនដែលបង្កប់ក្នុងសាច់បានឡើយ។ សាច់គោដែលមិនឆ្អិនល្អអាចមានផ្ទុកដង្កូវព្រូន និងបាក់តេរីគ្រោះថ្នាក់ដូចជា E.coli និង Salmonella ដែលអាចបណ្តាលឱ្យឈឺពោះ ចង្អោរ និងប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយ។ ក្នុងករណីធ្ងន់ធ្ងរ មេរោគទាំងនេះអាចជ្រាបចូលទៅកាន់សរីរាង្គផ្សេងៗដូចជា ថ្លើម ខួរក្បាល ឬភ្នែក ដែលបង្កគ្រោះថ្នាក់ដល់ជីវិត។
ដើម្បីសុវត្ថិភាព អ្នកជំនាញណែនាំឱ្យទទួលទានអាហារដែលចម្អិនបានឆ្អិនល្អ ជាពិសេសសាច់គោក្នុងឆ្នាំងស៊ុប ដើម្បីធានាថាអ្នកទទួលបានទាំងរសជាតិឆ្ងាញ់ និងសុវត្ថិភាពខ្ពស់៕