យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាទឹកដោះគោដែលធ្វើចេញពីគ្រាប់ធញ្ញជាតិដូចជា សណ្ដែកសៀង អាល់ម៉ុន ឬគ្រាប់វ៉លណាត់ សម្បូរទៅដោយប្រូតេអ៊ីនពីរុក្ខជាតិ ខ្លាញ់ល្អ និងវីតាមីនយ៉ាងណាក៏ដោយ ក៏អ្នកជំនាញមិនណែនាំឱ្យទទួលទានវាជំនួសទឹកស្អាតទាំងស្រុងនោះទេ។
ការញ៉ាំទឹកដោះគោគ្រាប់ធញ្ញជាតិច្រើនជ្រុល អាចបណ្តាលឱ្យរាងកាយទទួលបានជាតិអាស៊ីតខ្លាញ់លើសកម្រិត ដែលនាំឱ្យប្រឈមនឹងការឡើងទម្ងន់ និងបាត់បង់តុល្យភាពជីវជាតិ។ របបអាហារដែលល្អបំផុត គឺការរក្សាតុល្យភាពរវាងប្រូតេអ៊ីនសត្វ និងរុក្ខជាតិ រួមជាមួយការញ៉ាំទឹកស្អាតឱ្យបានគ្រប់គ្រាន់ដើម្បីជួយដល់ដំណើរការក្នុងរាងកាយ។
អ្នកជំនាញផ្ដល់ដំបូន្មានឱ្យកម្រិតការញ៉ាំទឹកដោះគោគ្រាប់ធញ្ញជាតិត្រឹមតែ ១ ទៅ ២ កែវក្នុងមួយថ្ងៃ ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុតដោយមិនប៉ះពាល់ដល់សុខភាព និងបង្ការបញ្ហាលើសទម្ងន់៕