យោងតាមការចុះផ្សាយពីប្រភពបរទេស ការជ្រើសរើសរវាងសាច់ទា និងសាច់មាន់ គឺអាស្រ័យលើគោលដៅសុខភាពរបស់បុគ្គលម្នាក់ៗ។
សាច់ទាសម្បូរទៅដោយថាមពល វីតាមីន និងជាតិខ្លាញ់ ដែលតាមក្បួនឱសថបុរាណចាត់ទុកថាជាអាហារ “ធាតុត្រជាក់” ជួយសម្រួលមុខងារតម្រងនោម និងស័ក្តិសិទ្ធិបំផុតសម្រាប់អ្នកចង់ឡើងទម្ងន់ ឬអ្នកដែលអស់កម្លាំងល្ហិតល្ហៃ។ ប៉ុន្តែដោយសារវាមានសរសៃស្វិត និងពិបាករំលាយ វាអាចមិនសូវល្អសម្រាប់កុមារ មនុស្សចាស់ ឬអ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយនោះទេ។
ផ្ទុយទៅវិញ សាច់មាន់គឺជាប្រភពប្រូតេអ៊ីនខ្ពស់ ប៉ុន្តែមានជាតិខ្លាញ់ និងកូឡេស្តេរ៉ុលទាបជាងសាច់ទា។ វាមានសាច់ទន់ ងាយរំលាយ និងជួយស្ដារកម្លាំងបានរហ័ស ដែលជាជម្រើសលេខមួយសម្រាប់អ្នកចង់សម្រកទម្ងន់ និងអ្នកជំងឺដែលទើបងើបពីឈឺ។
ដើម្បីទទួលបានសុខភាពល្អបំផុត អ្នកគួរញ៉ាំសាច់ទាំងពីរប្រភេទនេះឆ្លាស់គ្នា ដោយជ្រើសរើសវិធីចម្អិនបែបស្ងោរ ឬធ្វើស៊ុបជំនួសការបំពង និងកុំភ្លេចញ៉ាំរួមជាមួយបន្លែបៃតង ដើម្បីតុល្យភាពសារធាតុចិញ្ចឹមក្នុងរាងកាយ៕