យោងតាមការចុះផ្សាយពីប្រភពបរទេស ការយល់ច្រឡំថាការផ្ដាច់បាយ ឬសាច់ចេញពីរបបអាហារអាចជួយបង្ការជំងឺមហារីក គឺជាគ្រោះថ្នាក់មួយដែលអាចបណ្តាលឱ្យរាងកាយខ្វះថាមពល ប្រព័ន្ធស៊ាំចុះខ្សោយ និងបាត់បង់សាច់ដុំយ៉ាងធ្ងន់ធ្ងរ។
បើតាមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ រាងកាយមនុស្សត្រូវការក្រុមសារធាតុចិញ្ចឹមទាំង ៥ យ៉ាងចាំបាច់ដើម្បីរស់រានមានជីវិត រួមមាន ជាតិម្សៅ (បាយ) សម្រាប់ថាមពលខួរក្បាល ប្រូតេអ៊ីន (សាច់) សម្រាប់ការជួសជុលកោសិកា និងជាតិខ្លាញ់ វីតាមីន រួមទាំងកាកសរសៃ ដើម្បីពង្រឹងភាពស៊ាំនឹងជំងឺ។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលគួរប្រុងប្រយ័ត្នគឺ សាច់ក្រហម (សាច់គោ សាច់ជ្រូក សាច់ចៀម) និង សាច់កែច្នៃ (សាច់ក្រក ហាំ)។ ការបរិភោគក្រុមសាច់ទាំងនេះច្រើនជ្រុល ឬញ៉ាំសាច់ដែលចម្អិនដោយការអាំង និងបំពងខ្លាំងពេក ពិតជាអាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំ និងប្រព័ន្ធរំលាយអាហារ ដោយសារសារធាតុរក្សាទុកយូរ និងជាតិអំបិលខ្ពស់។ ផ្ទុយទៅវិញ ការកាត់ផ្ដាច់បាយស ឬសាច់ទាំងស្រុង មិនត្រឹមតែមិនអាចបង្ការមហារីកបានទេ ថែមទាំងធ្វើឱ្យរាងកាយចុះខ្សោយ មិនអាចប្រយុទ្ធប្រឆាំងនឹងមេរោគ និងបង្កឱ្យមានបញ្ហាមេតាបូលីសទៀតផង។
ដើម្បីបង្ការជំងឺមហារីកតាមបែបវិទ្យាសាស្ត្រ អ្នកជំនាញណែនាំឱ្យអនុវត្តរបបអាហារដែលមានតុល្យភាព ដោយបង្កើនការញ៉ាំបន្លែ និងផ្លែឈើស្រស់ដែលសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ អ្នកគួរកាត់បន្ថយសាច់ក្រហម ហើយជំនួសមកវិញនូវប្រភពប្រូតេអ៊ីនល្អៗដូចជា ត្រី សណ្ដែក និងគ្រាប់ធញ្ញជាតិ។ បន្ថែមពីនេះ ការជ្រើសរើសញ៉ាំអង្ករសម្រូប ឬធញ្ញជាតិមិនសម្រិត និងការចម្អិនអាហារតាមបែបចំហុយ ឬស្ងោរ ជំនួសឱ្យការបំពងខ្លាញ់ច្រើន គឺជាវិធីសាស្ត្រដ៏ប្រសើរក្នុងការថែរក្សាសុខភាពឱ្យរឹងមាំ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានយ៉ាងពិតប្រាកដ៕