យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាដបទឹករក្សាកម្ដៅផ្ដល់ភាពងាយស្រួលខ្លាំងក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ប៉ុន្តែអ្នកជំនាញសុខភាពបានព្រមានថា មិនមែនគ្រប់ភេសជ្ជៈទាំងអស់សុទ្ធតែអាចរក្សាទុកក្នុងដបប្រភេទនេះបានឡើយ ព្រោះវាអាចបង្កហានិភ័យដល់សុខភាព និងធ្វើឱ្យខូចគុណភាពដបយ៉ាងធ្ងន់ធ្ងរ។
ភេសជ្ជៈដំបូងគេដែលគួរជៀសវាងគឺទឹកដោះគោ ព្រោះកម្ដៅក្នុងដបបិទជិតគឺជាបរិយាកាសដ៏ល្អសម្រាប់បាក់តេរីរីកលូតលាស់យ៉ាងឆាប់រហ័ស ដែលបណ្ដាលឱ្យទឹកដោះគោឆាប់ផ្អូម និងបាត់បង់សារធាតុចិញ្ចឹម ប្រសិនបើអ្នកមិនបានញ៉ាំវាឱ្យអស់ក្នុងរយៈពេលមួយម៉ោង។
ចំពោះអ្នកដែលចូលចិត្តច្រកថ្នាំបូរាណវិញ ក៏គួរតែប្រុងប្រយ័ត្នដែរ ព្រោះសមាសធាតុអាស៊ីត ឬអាល់កាឡាំងនៅក្នុងថ្នាំ អាចប្រតិកម្មជាមួយលោហៈធាតុនៃដបដែកអ៊ីណុក បង្កើតជាសារធាតុគ្រោះថ្នាក់ និងកាត់បន្ថយប្រសិទ្ធភាពរបស់ថ្នាំថែមទៀតផង។
បន្ថែមពីនេះ ភេសជ្ជៈដែលមានជាតិអាស៊ីតដូចជាទឹកផ្លែឈើ ឬភេសជ្ជៈមានហ្គាស ក៏មិនស័ក្តិសមសម្រាប់ដាក់ក្នុងដបដែកឡើយ ដោយសារជាតិអាស៊ីតអាចស៊ីរេចរឹលស្រទាប់ការពារខាងក្នុងដប និងធ្វើឱ្យជាតិលោហៈធ្ងន់ៗរលាយចូលទៅក្នុងភេសជ្ជៈដែលអ្នកញ៉ាំ។ ស្រដៀងគ្នានេះដែរ ភេសជ្ជៈដែលមានរសជាតិប្រៃខ្លាំង ក៏អាចបំផ្លាញស្រទាប់ការពារច្រែះរបស់ដបទឹកបានយ៉ាងងាយ ដែលនាំឱ្យមានការបញ្ចេញជាតិលោហៈមិនល្អមកជាមួយ។
ជាចុងក្រោយ គឺការរក្សាទុកទឹកតែក្នុងរយៈពេលយូរ ដែលមិនត្រឹមតែធ្វើឱ្យបាត់បង់វីតាមីន និងក្លិនក្រអូបប៉ុណ្ណោះទេ ប៉ុន្តែវានឹងបញ្ចេញជាតិល្វីងខ្លាំងលើសកម្រិត និងបង្កើតជាកំណកជាប់ជញ្ជាំងដបដែលពិបាកក្នុងការលាងសម្អាតឱ្យបានស្អាតល្អ។ ដើម្បីសុវត្ថិភាព អ្នកគួរជ្រើសរើសប្រើប្រាស់ដបកែវ ឬដីឥដ្ឋសម្រាប់ការរក្សាទុកភេសជ្ជៈទាំងនេះទើបជាការប្រសើរ៕