យោងតាមការចុះផ្សាយពីប្រភពបរទេស ស្រកានាគទាំងពីរប្រភេទសុទ្ធតែជាប្រភពនៃវីតាមីន និងសារធាតុរ៉ែដ៏សម្បូរបែប ប៉ុន្តែការជ្រើសរើសប្រភេទណាមួយគឺអាស្រ័យលើតម្រូវការសុខភាពរបស់បុគ្គលម្នាក់ៗ។
បើនិយាយពីរសជាតិ ស្រកានាគសាច់ក្រហមមានភាពផ្អែមឆ្ងាញ់ជាង ដោយសារវាមានកម្រិតជាតិស្ករខ្ពស់ជាងសាច់ស ប៉ុន្តែវាក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជាង ដែលជួយការពារកោសិកាមិនឱ្យខូចខាត និងកាត់បន្ថយការរលាកផ្សេងៗក្នុងរាងកាយ។ ផ្ទុយទៅវិញ ស្រកានាគសាច់សគឺជាជម្រើសដ៏ប្រសើរសម្រាប់អ្នកដែលចង់សម្រកទម្ងន់ ឬអ្នកដែលមានជំងឺទឹកនោមផ្អែម ដោយសារវាមានកម្រិតជាតិស្ករទាបជាង និងមានតម្លៃសមរម្យសម្រាប់បរិភោគជាប្រចាំ។
ទោះបីជាផ្លែឈើនេះល្អខ្លាំងយ៉ាងណាក៏ដោយ ក៏មានចំណុចមួយចំនួនដែលអ្នកគួរប្រុងប្រយ័ត្នផងដែរ។ ចំពោះអ្នកដែលមានបញ្ហាប្រព័ន្ធរំលាយអាហារមិនសូវល្អ ដូចជាឆាប់រាក ឬហើមពោះ និងស្ត្រីដែលស្ថិតក្នុងអំឡុងពេលមករដូវ គួរតែជៀសវាងការទទួលទានផ្លែឈើនេះ។ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ការទទួលទានក្នុងកម្រិតមធ្យមគឺប្រហែល ១២០ ក្រាមក្នុងមួយដង និងមិនលើសពី ២ ដងក្នុងមួយថ្ងៃឡើយ។ ចំណែកឯអ្នកដែលចូលចិត្តស្រកានាគសាច់ក្រហម ក៏មិនគួរញ៉ាំច្រើនហួសប្រមាណដែរ ព្រោះវាអាចធ្វើឱ្យមានការប្រែប្រួលពណ៌ទឹកនោម ឬលាមក ដែលអាចជះឥទ្ធិពលមិនល្អដល់សុខភាពប្រសិនបើបរិភោគលើសកម្រិតយូរអង្វែង៕