យោងតាមការចុះផ្សាយពីប្រភពបរទេស ការទទួលទានយ៉ាអួនៅពេលល្ងាច មិនត្រឹមតែជាអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាជំនួយការយ៉ាងសំខាន់សម្រាប់ប្រព័ន្ធរំលាយអាហារដែលចាប់ផ្ដើមដំណើរការយឺតនៅចុងបញ្ចប់នៃថ្ងៃ។
យ៉ាអួសម្បូរទៅដោយជាតិកាល់ស្យូម វីតាមីន និងប្រូបាយអូទិក ដែលជាបាក់តេរីល្អជួយសម្រួលដល់ការបំបែកអាហារ និងបង្កើនសមត្ថភាពរបស់រាងកាយក្នុងការស្រូបយកសារធាតុចិញ្ចឹមបានកាន់តែប្រសើរ ជាពិសេសគឺការស្រូបយកជាតិកាល់ស្យូមបានខ្ពស់បំផុតក្នុងកំលុងពេលយប់។
លើសពីនេះ ប្រូបាយអូទិកក្នុងយ៉ាអួដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពមីក្រូសារពាង្គកាយក្នុងពោះវៀន ដែលជួយកាត់បន្ថយអាការៈហើមពោះ ឆ្អល់ក្ដៅ និងទល់លាមកបានយ៉ាងមានប្រសិទ្ធភាព។ សម្រាប់អ្នកដែលមានបញ្ហារំលាយជាតិឡាក់តូស មិនបានល្អ ការញ៉ាំយ៉ាអួគឺជាជម្រើសដ៏សុវត្ថិភាព ព្រោះដំណើរការផ្អាប់បានជួយបំបែកជាតិឡាក់តូសខ្លះៗរួចជាស្រេច ដែលធ្វើឱ្យវាងាយស្រួលរំលាយជាងទឹកដោះគោធម្មតា។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញណែនាំឱ្យទទួលទានយ៉ាអួក្នុងចន្លោះពេលពី ១ ទៅ ២ ម៉ោងក្រោយបាយល្ងាច និងគួរជ្រើសរើសប្រភេទដែលមិនមានជាតិស្ករ ឬស្ករទាប ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុតចំពោះសុខភាព និងជៀសវាងការលើសទម្ងន់៕