យោងតាមការចុះផ្សាយពីប្រភពបរទេស ការញ៉ាំកាហ្វេអាចផ្ដល់ផលល្អខ្លាំងដល់រាងកាយ ប៉ុន្តែប្រសិនបើអ្នកអនុវត្តមិនបានត្រឹមត្រូវ វាក៏អាចប្រែក្លាយជាផលវិបាកទៅវិញ។
កំហុសឆ្គងដំបូងគេដែលមនុស្សភាគច្រើនតែងតែមើលរំលង គឺការញ៉ាំកាហ្វេទាំងនៅក្ដៅៗពេក ដែលអាចប៉ះពាល់ដល់បំពង់អាហារ និងការញ៉ាំកាហ្វេនៅពេលពោះទទេ ដែលបណ្ដាលឱ្យលើសជាតិអាស៊ីត និងប៉ះពាល់ដល់ក្រពះពោះវៀន។ លើសពីនេះ ការទទួលទានកាហ្វេច្រើនហួសកំណត់ (លើសពី ៣ ពែងក្នុងមួយថ្ងៃ) ឬការញ៉ាំក្បែរពេលចូលគេង មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ដំណេកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កើនសម្ពាធឈាម និងធ្វើឱ្យបេះដូងលោតខុសប្រក្រតីផងដែរ។
ក្រៅពីបរិមាណ និងពេលវេលា ការបន្ថែមគ្រឿងផ្សំដែលមិនចាំបាច់ក៏ជាបញ្ហាធំដែរ។ ការដាក់ស្ករច្រើនហួសកម្រិត ឬការបន្ថែមគ្រីម អាចបណ្ដាលឱ្យកើនទម្ងន់ កើតជំងឺថ្លើមដុះជាតិខ្លាញ់ និងជំងឺបេះដូង។ ជាមួយគ្នានេះ ការជ្រើសរើសគ្រាប់កាហ្វេដែលមានគុណភាពទាប ក៏ធ្វើឱ្យបាត់បង់អត្ថប្រយោជន៍ដែលកាហ្វេគួរផ្ដល់ឱ្យរាងកាយ។ ចំណុចសំខាន់ចុងក្រោយ គឺការភ្លេចញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ព្រោះកាហ្វេមានសារធាតុបញ្ចុះទឹកនោម ដែលអាចធ្វើឱ្យរាងកាយខ្វះជាតិទឹក នាំឱ្យអស់កម្លាំង និងឈឺក្បាល។
ដូច្នេះ ដើម្បីទទួលបានសុខភាពល្អ អ្នកគួរញ៉ាំកាហ្វេដែលមានគុណភាពខ្ពស់ ដាក់ស្ករតិច និងទុកឱ្យវាត្រជាក់បន្តិចសិន រួមជាមួយការញ៉ាំទឹកឱ្យបានច្រើនពេញមួយថ្ងៃ៕