យោងតាមការចុះផ្សាយពីប្រភពបរទេស ការជ្រើសរើសរបបអាហារបានត្រឹមត្រូវគឺជាគន្លឹះដ៏សំខាន់ក្នុងការកាត់បន្ថយបន្ទុកការងាររបស់តម្រងនោម ដែលជួយឱ្យសរីរាង្គមួយនេះអាចចម្រោះឈាម និងបញ្ចេញជាតិពុលបានយ៉ាងមានប្រសិទ្ធភាព។
ចំណុចដំបូងដែលអ្នកគួរយកចិត្តទុកដាក់បំផុតគឺការកាត់បន្ថយការទទួលទានអំបិល និងគ្រឿងទេសដែលមានជាតិសូដ្យូមខ្ពស់ ដើម្បីបង្ការការដក់ទឹកក្នុងរាងកាយ និងកាត់បន្ថយសម្ពាធលើតម្រងនោម។ ការផ្លាស់ប្ដូរទម្លាប់មកញ៉ាំអាហារបែបស្ងោរ ឬចំហុយ ជំនួសឱ្យអាហារបំពង ឬអាំងដែលសម្បូរគ្រឿងទេសខ្លាំង នឹងជួយឱ្យតម្រងនោមមានសុខភាពល្អជាងមុន។
ក្រៅពីការកាត់បន្ថយអំបិល ការបន្ថែមបន្លែ និងផ្លែឈើស្រស់ៗដែលមានជាតិប៉ូតាស្យូមទាបដូចជា ផ្កាស្ពៃខៀវ ស្ពៃក្ដោប តាសក់ ផ្លែប៉ោម និងផ្លែស្ត្របឺរី ក៏ជាជម្រើសដ៏ល្អបំផុតក្នុងការផ្ដល់វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ចំពោះប្រភពប្រូតេអ៊ីនវិញ អ្នកគួរជ្រើសរើសយកសាច់សត្វមិនមានខ្លាញ់ ឬត្រីក្នុងបរិមាណសមល្មម ឬងាកមកប្រើប្រាស់ប្រូតេអ៊ីនពីសណ្ដែក និងគ្រាប់ធញ្ញជាតិវិញ ដើម្បីកាត់បន្ថយបន្ទុកនៃការដុតរំលាយអាហារ។
ជាចុងក្រោយ ការញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ការជៀសវាងអាហារកែច្នៃដែលមានសារធាតុរក្សាទុកយូរ និងការធ្វើតាមការណែនាំរបស់អ្នកជំនាញ រួមជាមួយការហាត់ប្រាណទៀងទាត់ នឹងជួយឱ្យអ្នកជៀសផុតពីបញ្ហាតម្រងនោម និងមានសុខភាពល្អមាំមួន៕