យោងតាមការចុះផ្សាយពីប្រភពបរទេស ការបន្ថែមគ្រឿងផ្សំធម្មជាតិមួយចំនួនទៅក្នុងកាហ្វេប្រចាំថ្ងៃ មិនត្រឹមតែជួយបង្កើនរសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជម្រុញសមត្ថភាពដុតរំលាយជាតិខ្លាញ់ក្នុងរាងកាយឱ្យកាន់តែប្រសើរឡើងទៀតផង។
គ្រឿងផ្សំទីមួយគឺ ម្សៅឈើអែម ដែលមានសមត្ថភាពជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យនៅថេរ កាត់បន្ថយការឃ្លានអាហារផ្ដេសផ្ដាស និងជួយកាត់បន្ថយទំហំចង្កេះបានយ៉ាងមានប្រសិទ្ធភាព។ ការស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់ឈើអែមត្រឹមតែ ១.៥ ក្រាមក្នុងមួយថ្ងៃ អាចជួយឱ្យរង្វង់ចង្កេះថយចុះគួរឱ្យកត់សម្គាល់។
គ្រឿងផ្សំទីពីរគឺ សារធាតុចម្រាញ់ចេញពីតែបៃតង ដែលសម្បូរទៅដោយសារធាតុ Catechins ជួយជំរុញការដុតរំលាយជាតិខ្លាញ់ក្នុងរាងកាយឱ្យកាន់តែលឿន ជាពិសេសនៅពេលអ្នកធ្វើលំហាត់ប្រាណ។ ដោយឡែក គ្រឿងផ្សំចុងក្រោយគឺ ប្រេងដូង ដែលសម្បូរទៅដោយអាស៊ីតខ្លាញ់ដែលរាងកាយអាចបំប្លែងទៅជាថាមពលបានភ្លាមៗដោយមិនស្តុកទុកជាជាតិខ្លាញ់។
ការបន្ថែមប្រេងដូងទៅក្នុងកាហ្វេ នឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយការញ៉ាំអាហារសម្រន់ និងបង្ការការកកកុញនៃជាតិខ្លាញ់មិនល្អក្នុងរាងកាយយ៉ាងមានប្រសិទ្ធភាពបំផុត៕