ញើស មិនមែនជាកត្តាចម្បងដែលបណ្ដាលឱ្យក្លិនខ្លួនប្រែជាមិនល្អឡើយ។ ការពិតនោះ គឺបាក់តេរីនៅក្នុងញើសទេដែលបំបែកញើសទៅជាអាស៊ីតដែលបង្កឱ្យមានក្លិនមិនល្អ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលសំខាន់នោះ គឺក្លិននៃរាងកាយគួរត្រូវបានចាត់ទុកជាមូលហេតុគួរឱ្យព្រួយបារម្ភព្រោះវាអាចបង្ហាញឱ្យដឹងពីបញ្ហាសុខភាពជាច្រើនដែលអាចនឹងកើតមានដូចជា ទឹកនោមផ្អែម, បញ្ហាថ្លើម និងរបបអាហារមិនត្រឹមត្រូវ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាសុខភាពមួយចំនួនដែលបង្កបញ្ហាក្លិនខ្លួន ៖

១. ប្រសិនបើរាងកាយធុំក្លិនដូចលាមក

វាអាចបណ្ដាលមកពីការស្ទះពោះវៀន។ វាជាស្ថានភាពសុខភាពគួរឱ្យព្រួយបារម្ភ និងគ្រោះថ្នាក់បំផុតមួយដែលកើតឡើងនៅពេលមានការស្ទះនៅក្នុងពោះវៀនធំ ឬតូច។ ការស្ទះបែបនេះនៅក្នុងបំពង់ពោះវៀនជាធម្មតាធ្វើឱ្យខ្យល់ដង្ហើមមានក្លិនដូចលាមក ហើយរាល់អ្វីៗដែលអ្នកទទួលទាននឹងមានតែធ្វើឱ្យក្លិនខ្យល់ដង្ហើមប្រែជាមិនល្អប៉ុណ្ណោះ។ លើសពីនេះទៅទៀត បញ្ហាពាក់ព័ន្ធការរំលាយអាហារអាចបណ្ដាលឱ្យញើសមានក្លិនមិនល្អ។ ញើសចេញពីក្លៀក គឺទទួលរងផលប៉ះពាល់ច្រើនបំផុត ទោះបីជាផ្នែកផ្សេងទៀតនៃរាងកាយអាចផលិតញើសដែលមានក្លិនដូចលាមកក៏ដោយ។

២. ប្រសិនបើរាងកាយមានក្លិនល្វីង

អ្នកត្រូវទៅជួបពិនិត្យជាមួយគ្រូពេទ្យហើយ ក៏ព្រោះក្លិនខ្លួនបែបនេះអាចបណ្ដាលមកពីបញ្ហាទាក់ទងនឹងថ្លើម។ ថ្លើមដែលមិនសូវសកម្មផលិតសារធាតុគីមីផ្សេងៗដែលមានក្លិនស្អុយ ឬមិនល្អ ហើយនឹងបណ្ដាលឱ្យរាងកាយមានក្លិនមិនល្អដូចគ្នាដែរ។ ថ្លើមដែលទទួលរងការខូចខាតក៏បង្ហាញរួមមកជាមួយនូវរោគសញ្ញាផ្សេងទៀតដូចជា បញ្ហាប្រព័ន្ធរំលាយអាហារ និងចង្អោរចង់ក្អួត។

៣. ប្រសិនបើរាងកាយធុំក្លិនឆ្អាបដូចត្រី

អ្នកប្រហែលជាមានជំងឺមួយហៅថា ជំងឺក្លិនឆ្អាបដូចត្រី ឬ Trimethylaminuria ជាជំងឺតំណពូជ។ ជំងឺនេះធ្វើឱ្យក្លិនខ្លួនប្រែជាស្អុយឆ្អាបដូចត្រី រួមទាំងទឹកនោម, ញើស និងខ្យល់ដង្ហើមផងដែរ។ កត្តាផ្សេងទៀតដែលបណ្ដាលឱ្យមានក្លិនខ្លួនឆ្អាបដូចត្រី គឺការលើសជាតិប្រូតេអ៊ីនក្នុងរបបអាហារ ឬមកពីវត្តមាននៃបាក់តេរីមួយចំនួន។ ដូច្នេះទើបក្រៅពីការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិកហើយនោះ ការផ្លាស់ប្ដូរ ឬមានរបបអាហារជាក់លាក់ត្រឹមត្រូវ គឺសំខាន់បំផុត។

៤. ប្រសិនបើរាងកាយមានក្លិនផ្អែម

នេះអាចជារោគសញ្ញាមួយនៃជំងឺទឹកនោមផ្អែម។ រាងកាយរបស់អ្នកអាចមានក្លិនផ្អែមដូចផ្លែឈើ ក៏ព្រោះកម្រិតនៃ ketones ក្នុងចរន្តឈាម។ ប្រសិនបើនោមរបស់អ្នកក៏មានក្លិនផ្អែម ឬក្លិនផ្លែឈើដែរនោះ វាប្រហែលជារោគសញ្ញាមួយនៃជំងឺ Maple syrup urine disease។ វាជាជំងឺមេតាបូលីកដែលបណ្ដាលមកពីរាងកាយអសមត្ថភាពបំបែកអាមីណូអាស៊ីតដូចជា valine, leucine និង isoleucine។

៥. ប្រសិនបើរាងកាយមានក្លិនដូចស៊ុតស្អុយ

អ្នកប្រហែលជាទទួលទានសាច់ច្រើនពេកហើយ។ សាច់ ពិសេសសាច់ក្រហម គឺជាផលិតផលមួយដែលប្រព័ន្ធរំលាយអាហារពិបាកនឹងរំលាយ ដូច្នេះហើយទើបអ្នកដែលទទួលទានសាច់ច្រើនជាប្រចាំជួបប្រទះបញ្ហាក្លិនខ្លួនដូចស៊ុតស្អុយ។

៦. ប្រសិនបើរាងកាយមានក្លិនដូចគ្រឿងស្រវឹង

អ្នកប្រហែលជាទទួលទានគ្រឿងស្រវឹងច្រើនបន្តិចហើយមួយរយៈនេះ។ នៅពេលទទួលទានគ្រឿងស្រវឹងនោះរាងកាយនឹងចំណាំវាជាជាតិពុលមួយ ហើយព្យាយាមបំបែកវាទៅជាអាស៊ីតអាសេទិក។ ក្នុងរបៀបនេះរាងកាយអាចបន្សាបជាតិអាល់កុលបានប្រមាណជា ៩០ ភាគរយ។ មួយចំនួនទៀតអាចបញ្ចេញមកក្រៅតាមរយៈទឹកនោម, ញើស និងតាមរយៈប្រព័ន្ធដង្ហើមផងដែរ។

៧. ប្រសិនបើរាងកាយមានក្លិនញើស និងបែកញើសខ្លាំង

អ្នកប្រហែលជាមានជំងឺ hyperhidrosis ដែលបណ្ដាលឱ្យរាងកាយបែកញើសច្រើនហួស។ ទោះបីជាការបែកញើសច្រើនខុសប្រក្រតីអាចជារោគសញ្ញានៃជំងឺដទៃទៀតក៏ដោយ ក៏ករណីភាគច្រើនកើតលើអ្នកដែលមានសុខភាពល្អ។ អាកាសធាតុក្ដៅ និងអារម្មណ៍ក៏ជាមូលហេតុនៃការបែកញើសច្រើនផងដែរ ប៉ុន្តែមនុស្សភាគច្រើនដែលទទួលរងជំងឺ hyperhidrosis បែកញើសនៅពេលក្រោកពីគេង ទោះបីជាស្ថិតក្រោមសីតុណ្ហភាពធម្មតា ហើយគ្មានអារម្មណ៍តានតឹងក៏ដោយ។ ហើយ ផ្នែកដែលងាយនឹងបែកញើសនៃរាងកាយ គឺក្លៀក, ក្រលៀន និងប្រអប់ជើង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង