ការរលាកសន្លាក់ គឺជាបញ្ហាសុខភាពទូទៅមួយដែលអាចកើតឡើងលើមនុស្សគ្រប់វ័យ ប៉ុន្តែមូលហេតុនៃការកើតឡើងគឺខុសៗគ្នាទៅតាមប្រភេទនៃជំងឺរលាកសន្លាក់នីមួយៗ។
ខាងក្រោមនេះគឺជាមូលហេតុចម្បងៗដែលបណ្តាលឱ្យរលាកសន្លាក់៖
១. ការសឹកសរេចតាមអាយុកាល
នេះគឺជាប្រភេទរលាកសន្លាក់ដែលជួបប្រទះញឹកញាប់បំផុត៖
–ការប្រើប្រាស់ច្រើនពេក៖ ការសឹកនៃឆ្អឹងខ្ចី (Cartilage) ដែលមានតួនាទីជាទ្រនាប់ការពាររវាងសន្លាក់ឆ្អឹង។ នៅពេលទ្រនាប់នេះសឹក បង្កឱ្យឆ្អឹងកកិតគ្នា និងរលាក។
–អាយុកាល៖ កាលណាអាយុកាន់តែច្រើន សមត្ថភាពជួសជុលឆ្អឹងខ្ចីកាន់តែចុះខ្សោយ។
–លើសទម្ងន់៖ ទម្ងន់ខ្លួនកាន់តែធ្ងន់ បង្កសម្ពាធខ្លាំងលើសន្លាក់ (ជាពិសេសក្បាលជង្គង់ និងត្រគាក)។
២. បញ្ហាប្រព័ន្ធការពាររាងកាយ
នេះគឺជាជំងឺអូតូអុីមមុន (Autoimmune Disease)៖
–ការច្រឡំរបស់ប្រព័ន្ធការពារ៖ ប្រព័ន្ធការពាររាងកាយបានវាយប្រហារទៅលើជាលិកាស្រទាប់សន្លាក់ (Synovium) ដោយខ្លួនឯង បណ្តាលឱ្យហើម រលាក និងអាចខូចទ្រង់ទ្រាយសន្លាក់ ប្រសិនបើមិនព្យាបាល។
៣. ការលើសអាស៊ីតអ៊ុយរិក
–របបអាហារ៖ ការញ៉ាំគ្រឿងសមុទ្រ សាច់ក្រហម ឬគ្រឿងស្រវឹងច្រើនពេក បណ្តាលឱ្យរាងកាយមានអាស៊ីតអ៊ុយរិក (Uric Acid) ខ្ពស់។
–ការកកជាគ្រីស្តាល់៖ អាស៊ីតអ៊ុយរិកដែលលើសបានទៅកកជាគ្រីស្តាល់មុតស្រួចនៅក្នុងសន្លាក់ បង្កឱ្យមានការឈឺចាប់ខ្លាំងភ្លាមៗ និងហើមក្រហម (ច្រើនតែកើតលើមេជើង)។
៤. ការឆ្លងមេរោគ
–បាក់តេរី ឬវីរុស ៖ មេរោគអាចចូលទៅក្នុងសន្លាក់តាមរយៈចរន្តឈាម ឬតាមរយៈរបួសផ្ទាល់នៅក្បែរសន្លាក់ ដែលបណ្តាលឱ្យសន្លាក់រលាក និងហើមខ្លាំង។
៥. កត្តារួមផ្សំផ្សេងៗ
–សេនេទិច (តំណពូជ)៖ ប្រសិនបើមានសមាជិកគ្រួសារមានជំងឺរលាកសន្លាក់ អ្នកក៏អាចមានហានិភ័យខ្ពស់ដែរ។
–របួសចាស់ៗ ៖ អ្នកដែលធ្លាប់បាក់ឆ្អឹង ឬដាច់សរសៃចងសន្លាក់ពីមុន ងាយនឹងវិវត្តទៅជាការរលាកសន្លាក់នៅកន្លែងនោះនាពេលអនាគត។
–កង្វះលំហាត់ប្រាណ៖ សាច់ដុំខ្សោយមិនអាចជួយទ្រទ្រង់សន្លាក់បានល្អ បង្កឱ្យសន្លាក់រងសម្ពាធខ្លាំង។