យោងតាមការចុះផ្សាយពីប្រភពបរទេស ការញ៉ាំផ្អែមមិនត្រឹមតែនាំឱ្យឡើងទម្ងន់ ឬកើតជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពតម្រងនោម។
របបអាហារដែលមានជាតិស្ករខ្ពស់បង្កឱ្យមានបញ្ហាមេតាបូលីស ដែលជាដើមហេតុធ្វើឱ្យខូចសរសៃឈាមដែលផ្គត់ផ្គង់ទៅកាន់តម្រងនោម នាំឱ្យកើតមានជំងឺតម្រងនោមរ៉ាំរ៉ៃ។ នៅពេលរាងកាយទទួលបានជាតិស្ករ ច្រើនពេក វានឹងជំរុញឱ្យពោះវៀនតូចស្រូបយកជាតិសូដ្យូម (អំបិល) កាន់តែច្រើន ដែលបង្ខំឱ្យតម្រងនោមត្រូវធ្វើការធ្ងន់លើសកម្រិតដើម្បីបញ្ចេញជាតិអំបិលដែលលើសទាំងនោះចេញពីរាងកាយ។
លើសពីនេះ ជាតិស្កររារាំងការផលិតសារធាតុ Nitric Oxide ដែលជួយឱ្យសរសៃឈាមរីកធំ និងសម្រួលដល់លំហូរឈាម ជាហេតុធ្វើឱ្យសរសៃឈាមរួមតូច និងឡើងសម្ពាធឈាម។ ជាពិសេស ជាតិស្ករប្រភេទ Fructose អាចបង្កើនកម្រិតកាល់ស្យូម និងអុកសាឡាតក្នុងទឹកនោម ដែលនាំឱ្យកកជាក្រួសក្នុងតម្រងនោម ប្រសិនបើទុកចោលយូរអាចធ្វើឱ្យស្ទះផ្លូវទឹកនោម និងបំផ្លាញមុខងារតម្រងនោមទាំងស្រុង។
ដើម្បីការពារតម្រងនោម អ្នកគួរកាត់បន្ថយភេសជ្ជៈផ្អែម នំផ្អែម និងផ្លែឈើកំប៉ុង ហើយងាកមកញ៉ាំផ្លែឈើដែលមានជាតិស្ករទាបដូចជា ក្រូចឆ្មារ ក្រូចពោធិ៍សាត់ ប៉ោម និងល្ហុង ជំនួសវិញ៕