យោងតាមការចុះផ្សាយពីប្រភពបរទេស ការជ្រើសរើសអាហារពេលព្រឹកដែលត្រឹមត្រូវ គឺជាគន្លឹះសំខាន់ក្នុងការគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលអាក្រក់និងរក្សាសម្ពាធឈាមឱ្យមានស្ថិរភាព។
លោកវេជ្ជបណ្ឌិតបានផ្ដល់អនុសាសន៍ឱ្យអ្នកជំងឺបេះដូងផ្តល់អាទិភាពលើរបបអាហារដែលមានជាតិសរសៃខ្ពស់ វីតាមីន និងខ្លាញ់ល្អ ដើម្បីកាត់បន្ថយហានិភ័យនៃផលវិបាកផ្សេងៗពេញមួយថ្ងៃ។
អាហារដំបូងដែលត្រូវបានណែនាំគឺ គ្រាប់ធញ្ញជាតិអូត ដែលសម្បូរទៅដោយសារធាតុ Beta-glucan ដែលជាជាតិសរសៃរលាយ ជួយកាត់បន្ថយការស្រូបយកកូឡេស្តេរ៉ុលក្នុងពោះវៀន និងជួយគ្រប់គ្រងជាតិស្ករក្នុងឈាមឱ្យមានតុល្យភាព។ បន្ទាប់មកគឺ នំបុ័ងធញ្ញជាតិ ដែលផ្ដល់នូវវីតាមីន B ម៉ាញ៉េស្យូម និងប៉ូតាស្យូម ជួយឱ្យសរសៃឈាមសម្រាក និងការពារសុខភាពសរសៃឈាមបានយ៉ាងល្អ។ សម្រាប់ភេសជ្ជៈ ទឹកដោះគោរុក្ខជាតិគ្មានជាតិស្ករ (ដូចជាទឹកដោះគោអាល់ម៉ុន ឬសណ្ដែកសៀង) គឺជាជម្រើសដ៏ល្អ ព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងខ្លាញ់មិនឆ្អែតដែលជួយកាត់បន្ថយការរលាកក្នុងរាងកាយ។
បន្ថែមពីនេះ ស៊ុតស្ងោរ គឺជាប្រភពប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ និងមានសារធាតុ Lecithin ជួយដល់ការរំលាយជាតិខ្លាញ់ ប៉ុន្តែអ្នកដែលមានបញ្ហាខ្លាញ់ក្នុងឈាមគួរកម្រិតការញ៉ាំត្រឹម ៣ ទៅ ៤ គ្រាប់ក្នុងមួយសប្តាហ៍។ ជាចុងក្រោយ ផ្លែឈើស្រស់ ដូចជា ប៉ោម ចេក និងប៊្លូប៊ឺរី ផ្ដល់នូវប៉ូតាស្យូម និងសារធាតុ Polyphenol ដែលជួយបញ្ចុះសម្ពាធឈាម និងជួយឱ្យមុខងារបេះដូងដំណើរការបានល្អប្រសើរ។
លោកវេជ្ជបណ្ឌិតក៏បានក្រើនរំលឹកឱ្យចៀសវាងអាហារដែលមានជាតិខ្លាញ់ខ្ពស់ ស្ករច្រើន និងអាហារកែច្នៃដូចជា មីកញ្ចប់ ឬនំផ្អែមៗ ដើម្បីរក្សាសុខភាពបេះដូងឱ្យបានយូរអង្វែង៕