យោងតាមការចុះផ្សាយពីប្រភពបរទេស ការប្រើទឹកកកថែរក្សាផ្ទៃមុខ ឬ “Cryotherapy” គឺជាវិធីសាស្ត្រដ៏សាមញ្ញ ប៉ុន្តែផ្ដល់លទ្ធផលអស្ចារ្យដែលអ្នកមិនគួររំលង។
ត្រឹមតែដុំទឹកកកតូចមួយ អាចជួយបង្រួមរន្ធញើសឱ្យតូចជាងមុនភ្លាមៗ និងកាត់បន្ថយការរលាក ក៏ដូចជាបង្ការការកកើតមុនយ៉ាងមានប្រសិទ្ធភាព។ ភាពត្រជាក់ពីទឹកកកនឹងជួយជំរុញចរន្តឈាមរត់ឱ្យកាន់តែល្អប្រសើរ ធ្វើឱ្យស្បែកមុខមើលទៅមានសំណើម ភ្លឺថ្លាពីខាងក្នុង និងជួយកាត់បន្ថយអាការៈហើមរង្វង់ភ្នែក ឬស្លក់ខ្មៅបានយ៉ាងរហ័ស។
លើសពីនេះ ទឹកកកដើរតួជាភ្នាក់ងារពន្យារភាពចាស់ ដោយជួយកាត់បន្ថយស្នាមជ្រីវជ្រួញ និងជួយឱ្យស្បែកតឹងណែនក្មេងជាងវ័យ។ សម្រាប់អ្នកដែលមានស្បែករលាកដោយសារកម្ដៅថ្ងៃ ការស្អំទឹកកកនឹងជួយឱ្យសរសៃឈាមរួមតូច និងកាត់បន្ថយភាពមិនសុខស្រួលបានភ្លាមៗ។
អ្វីដែលកាន់តែពិសេស ការស្អំទឹកកកមុនពេលលាបគ្រីមបំប៉ន នឹងជួយបើកផ្លូវឱ្យសារធាតុចិញ្ចឹមជ្រាបចូលក្នុងស្រទាប់ស្បែកបានកាន់តែជ្រៅ ដែលធ្វើឱ្យការថែរក្សាសម្រស់របស់អ្នកកាន់តែទទួលបានប្រសិទ្ធភាពទ្វេដង ដោយមិនចាំបាច់ចំណាយថវិកាច្រើន៕