យោងតាមការចុះផ្សាយពីប្រភពបរទេស ការគ្រប់គ្រងរបបអាហារគឺជាខែលការពារដ៏រឹងមាំបំផុតក្នុងការទប់ស្កាត់ការកកើតក្រួសក្នុងតម្រងនោម ជាពិសេសប្រភេទក្រួសកាល់ស្យូមអុកសាឡាតដែលជួបប្រទះញឹកញាប់ជាងគេបំផុត។
ផ្ទុយពីការយល់ឃើញទូទៅដែលថាត្រូវតមបន្លែទាំងស្រុង អ្នកជំនាញអាហារូបត្ថម្ភបានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់តែលើក្រុមបន្លែដែលមានជាតិអុកសាឡាតខ្ពស់ដូចជា ស្ពៃពួយឡេង ស្លឹកវ៉ាន់ស៊ុយបារាំង និងមើមឆៃថាវក្រហមជាដើម។ អាថ៌កំបាំងដ៏សំខាន់មួយក្នុងការកាត់បន្ថយការស្រូបយកជាតិពុលទាំងនេះ គឺការចាប់គូអាហារដោយញ៉ាំបន្លែទាំងនោះជាមួយអាហារដែលសម្បូរជាតិកាល់ស្យូមដូចជា ទឹកដោះគោ តៅហ៊ូ ឬត្រីតូចៗ ព្រោះកាលណាសារធាតុទាំងពីរនេះជួបគ្នាក្នុងប្រព័ន្ធរំលាយអាហារ វានឹងភ្ជាប់គ្នាហើយបញ្ចេញមកក្រៅតាមលាមក ដែលជួយកាត់បន្ថយការកកកុញសារធាតុរ៉ែក្នុងតម្រងនោមបានយ៉ាងមានប្រសិទ្ធភាព។
ទន្ទឹមនឹងការជ្រើសរើសអាហារ ការរក្សាជាតិទឹកក្នុងរាងកាយក៏ជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ដោយការផឹកទឹកឱ្យបានពី ២ ទៅ ២,៥ លីត្រក្នុងមួយថ្ងៃនឹងជួយពងរាវកំហាប់ទឹកនោម និងបង្ការការកកកុញនៃគ្រាប់ក្រួសថ្មីៗ។ បន្ថែមពីនេះ អ្នកដែលមានបញ្ហាក្រួសក្នុងតម្រងនោមគួរកាត់បន្ថយការញ៉ាំប្រៃខ្លាំង និងការញ៉ាំសាច់សត្វច្រើនហួសប្រមាណ ព្រោះវាជំរុញឱ្យតម្រងនោមបញ្ចេញជាតិកាល់ស្យូមកាន់តែច្រើនទៅក្នុងទឹកនោម។ ការចៀសវាងទម្លាប់អាក្រក់ដូចជាការទប់នោម ការប្រើប្រាស់វីតាមីន C កម្រិតខ្ពស់ដោយគ្មានវេជ្ជបញ្ជា រួមជាមួយការហាត់ប្រាណទៀងទាត់ និងការតាមដានសុខភាពជាមួយគ្រូពេទ្យជំនាញ នឹងជួយឱ្យអ្នកអាចគ្រប់គ្រងស្ថានភាពជំងឺ និងរក្សាសុខភាពតម្រងនោមឱ្យមានភាពល្អប្រសើរឡើងវិញ៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕