យោងតាមការចុះផ្សាយពីប្រភពបរទេស ការចិតសំបកផ្លែឈើចោលដោយសារការបារម្ភពីមេរោគ ឬថ្នាំកសិកម្ម អាចធ្វើឱ្យអ្នកបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗជិតពាក់កណ្តាលដែលមាននៅក្នុងផ្លែឈើនោះ។
អ្នកជំនាញអាហារូបត្ថម្ភបានអះអាងថា ការលាងសម្អាតឱ្យបានស្អាតល្អគឺគ្រប់គ្រាន់ដើម្បីជម្រះសារធាតុដែលនៅសេសសល់លើផ្ទៃក្រៅ ហើយអនុញ្ញាតឱ្យរាងកាយទទួលបានជាតិសរសៃ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើនដែលប្រមូលផ្ដុំនៅក្នុងសំបក។ ជាពិសេស សំបកផ្លែ ព្រូន សម្បូរទៅដោយសារធាតុ Polyphenol ដែលជួយប្រឆាំងនឹងភាពចាស់នៃកោសិកា និងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ ខណៈដែលសំបកផ្លែ សារី ផ្ទុកនូវជាតិសរសៃជួយដល់ប្រព័ន្ធរំលាយអាហារ និងសារធាតុ Lutein ដែលជួយថែរក្សាភ្នែកឱ្យមានសុខភាពល្អ។
បន្ថែមពីនេះ សូម្បីតែសំបកដែលមានរោមឆ្មារបស់ផ្លែ គីវី ក៏អាចញ៉ាំបាន និងសម្បូរទៅដោយវីតាមីន C, E និង Folate ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យកាន់តែរឹងមាំ។ ចំណែកឯសំបកផ្លែ ប៉ោម វិញ គឺជាប្រភពនៃសារធាតុ Quercetin ដែលមានសមត្ថភាពប្រឆាំងនឹងការរលាក និងសារធាតុ Triterpenoids ដែលត្រូវបានគេជឿថាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក។
ការផ្លាស់ប្តូរទម្លាប់មកញ៉ាំផ្លែឈើទាំងសំបក មិនត្រឹមតែជួយឱ្យរាងកាយទទួលបានតុល្យភាពសារធាតុចិញ្ចឹមពេញលេញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចំណែកមួយក្នុងការកាត់បន្ថយការខ្ជះខ្ជាយអាហារ និងផ្ដល់នូវរសជាតិប្លែកថ្មីសម្រាប់ការញ៉ាំប្រចាំថ្ងៃរបស់អ្នកផងដែរ៕