យោងតាមការចុះផ្សាយពីប្រភពបរទេស សុខភាពស្បូនគឺជាចំណុចដ៏រសើបបំផុតសម្រាប់ស្ត្រី ប៉ុន្តែទម្លាប់នៃការញ៉ាំប្រចាំថ្ងៃមួយចំនួនអាចកំពុងតែបំផ្លាញប្រព័ន្ធបន្តពូជរបស់អ្នកដោយមិនដឹងខ្លួន។ ការសិក្សាពីអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានបង្ហាញថា ការញ៉ាំអាហារ ៥ ប្រភេទនេះច្រើនហួសប្រមាណ នឹងជម្រុញឱ្យមានការរលាករ៉ាំរ៉ៃ បង្កឱ្យមានធ្លាក់សមានក្លិនមិនល្អ និងធ្វើឱ្យឈាមរដូវកកជាដុំៗ ដែលជាសញ្ញាអាសន្នសម្រាប់សុខភាពខាងក្នុង។
ជាដំបូង ភេសជ្ជៈត្រជាក់ខ្លាំង និងទឹកកក គឺជាសត្រូវចម្បងក្នុងអំឡុងពេលមករដូវ ព្រោះវាធ្វើឱ្យសរសៃឈាមរួមតូចភ្លាមៗ បង្កឱ្យឈាមរដូវហូរមិនស្រួល និងកកជាដុំពណ៌ខ្មៅៗ ដែលជាហេតុធ្វើឱ្យស្បូនប្រឹងកន្ត្រាក់ខ្លាំងបង្កជាការឈឺចាប់លើសកម្រិត។ បន្ទាប់មកគឺ អាហារផ្អែមខ្លាំង និងជាតិស្ករ ដែលជាភ្នាក់ងារបង្កការរលាកដល់ជាលិកាស្រទាប់ក្នុងស្បូន និងជាអាហារដ៏ល្អសម្រាប់បាក់តេរីអាក្រក់ ដែលធ្វើឱ្យអ្នកងាយនឹងឆ្លងមេរោគក្នុងទ្វារមាស និងមានបញ្ហាធ្លាក់សខុសប្រក្រតី។
ក្រៅពីជាតិស្ករ អាហារផ្អាប់ និងអាហារដែលមានជាតិប្រៃខ្លាំង (សូដ្យូមខ្ពស់) ក៏ជាចំណែកធ្វើឱ្យបាត់បង់តុល្យភាពបាក់តេរីល្អក្នុងប្រព័ន្ធបន្តពូជ នាំឱ្យមានក្លិនមិនល្អ និងធ្វើឱ្យស្បូនងាយនឹងហើមរលាក។ ទន្ទឹមនឹងនេះ ម្សៅសម្រិត និងនំបុ័ងបេកឺរី ដែលរាងកាយបំប្លែងទៅជាជាតិស្ករយ៉ាងរហ័ស នឹងធ្វើឱ្យអ័រម៉ូនអាំងស៊ុយលីនហក់ឡើងខ្ពស់ ប៉ះពាល់ដល់ការបញ្ចេញស៊ុត និងអាចឈានទៅរកជំងឺគីសទឹកក្នុងកន្សោមស៊ុត ដែលធ្វើឱ្យរដូវមកមិនទៀង និងដុះមុនពេញមុខ។ ជាចុងក្រោយ ការពិសា កាហ្វេអ៊ីនក្នុងបរិមាណច្រើនជ្រុល នឹងជំរុញឱ្យរាងកាយផលិតអ័រម៉ូនស្រ្តេសកាន់តែច្រើន ដែលទៅរំខានដល់អ័រម៉ូនបន្តពូជ ធ្វើឱ្យស្បូនកន្ត្រាក់ខ្លាំង និងប៉ះពាល់ដល់វដ្តរដូវទាំងមូល។
ការកាត់បន្ថយអាហារទាំងនេះ និងការងាកមកញ៉ាំអាហារស្រស់ៗ គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការថែរក្សា “ផ្ទះនៃជីវិត” របស់អ្នកឱ្យមានសុខភាពល្អ និងរឹងមាំ៕