ទឹក ជាភេសជ្ជៈដ៏ប្រសើរបំផុតមួយសម្រាប់រក្សាសុខភាពរាងកាយ និងទ្រទ្រង់ជីវិតមនុស្សគ្រប់រូប។ រាងកាយរបស់មនុស្សមានផ្ទុកជាតិទឹកស្ទើរតែ ៦០ ភាគរយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកជំនាញជាច្រើនណែនាំឲ្យទទួលទានប្រមាណជា ២ លីត្រ ឬពី ៨ ទៅ ៩ កែវក្នុងមួយថ្ងៃដើម្បីរក្សាបានសុខភាពល្អប្រសើរជៀសផុតពីបញ្ហាផ្សេងៗ។ ទឹកជួយក្នុងការរំលាយអាហារ និងកម្ចាត់កាកសំណល់ ក៏ដូចជាជាតិពុលផ្សេងៗចេញពីរាងកាយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុសំខាន់ៗដែលអ្នកគួរទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំ ៖
១. បង្កើនថាមពលមិនសូវអស់កម្លាំង
ការទទួលទានទឹកច្រើនគ្រប់គ្រាន់នឹងធ្វើឱ្យអ្នកផ្ដោតអារម្មណ៍បានល្អ និងស្វាងជានិច្ច។ ទឹកក៏ជួយបង្កើនកម្រិតថាមពលនៃរាងកាយដោយមិនចាំបាច់មានជំនួយពីភេសជ្ជៈប៉ូវកម្លាំង ឬភេសជ្ជៈកាហ្វេអ៊ីនដែលមានផ្ទុកជាតិស្ករខ្ពស់។
២. ព្យាបាលអាការៈឈឺក្បាល
អាការៈឈឺក្បាលមួយចំនួនអាចបណ្ដាលមកពីកង្វះជាតិទឹកក្នុងរាងកាយ។ ការទទួលទានទឹកអាចកាត់បន្ថយបំបាត់អាការៈឈឺក្បាលបានយ៉ាងប្រសើរ។ ដូច្នេះចូរសាកល្បងទទួលទានទឹកធម្មតា ២ ទៅ ៣ កែវកំឡុងពេលឈឺក្បាល។ ប្រសិនបើអាការៈហាក់ដូចជាមិនធូរស្បើយសោះ ហើយការឈឺចាប់នៅតែបន្ដខ្លាំងឡើង ចូរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។
៣. សម្រួលបង្កើនការរំលាយអាហារ
ការទទួលទានទឹកជួយដោះស្រាយបញ្ហាពិបាករំលាយអាហារគួរឱ្យកត់សម្គាល់ ជាពិសេសម្រាប់អ្នកដែលមានបញ្ហាក្នុងការបន្ទោបង់ ឬទល់លាមក។ ការទទួលទានទឹកច្រើនរួមជាមួយអាហារមានផ្ទុកសម្បូរទៅដោយជាតិសសៃជួយដោះស្រាយបញ្ហាពិបាករំលាយអាហារ។
៤. ស្បែកស្រស់ថ្លា
ទឹកជួយកម្ចាត់នូវរាល់ជាតិពុលក្នុងរាងកាយ រួមទាំងបាក់តេរីបង្កបញ្ហាស្បែកផ្សេងៗដូចជា រោគមុន, ការរោលរលាក និងស្ទះរន្ធញើស។ ការទទួលទានទឹកឱ្យបានពី ១០ ទៅ ១២ កែវ ជាប្រចាំអាចជួយឱ្យស្បែកប្រែជាស្រស់ថ្លា និងមើលទៅមានសុខភាពល្អ។
៥. ពង្រឹងប្រព័ន្ធភាពស៊ាំ
ទឹករងៃ គឺជាសារធាតុរាវដែលជាផ្នែកនៃប្រព័ន្ធភាពស៊ាំ។ ទឹករងៃរួមផ្សំពីសមាសធាតុជាច្រើន រួមបញ្ចូលទាំងទឹក។ បង្កើនការទទួលទានទឹកអាចជួយពង្រឹង ក៏ដូចជាធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែប្រសើរឡើង។
៦. ល្អសម្រាប់តម្រងនោម
តម្រងនោម គឺជាសរីរាង្គដែលច្រោះរាល់ជាតិពុលក្នុងរាងកាយដែលនឹងប្រែក្លាយទៅជាទឹកនោម។ ទឹកអាចជួយតម្រងនោមក្នុងការច្រោះជាតិពុលបានកាន់តែងាយ។ ហើយការទទួលទានទឹកកាន់តែច្រើនក៏ជួយទប់ស្កាត់ និងបំបែកគ្រួសក្នុងតម្រងនោមផងដែរ។
៧. សុខភាពសន្លាក់
រាល់សន្លាក់ក្នុងរាងកាយមានផ្ទុកសារធាតុរាវម្យ៉ាងហៅថា Synovial Fluid ដែលធ្វើឱ្យសន្លាក់
ជៀសផុតពីការប៉ះទង្កិច ឬសង្កៀតគ្នាកំឡុងពេលធ្វើចលនា។ ការទទួលទានទឹកច្រើនអាចជួយរាងកាយក្នុងការផ្ដល់នូវសារធាតុ synovial fluid លើសន្លាក់ និងរក្សានូវជាតិខ្លាញ់ ឬរំអិល។
៨. រក្សាចរន្តឈាម
ទឹកជួយរក្សាចរន្តឈាមត្រឹមត្រូវ។ វាជួយក្នុងការដឹកជញ្ជូនសារធាតុចិញ្ចឹមតាមរយៈឈាមទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ ប្រសិនបើគ្មានទឹកគ្រប់គ្រាន់ សរីរាង្គនឹងមិនផ្ដល់ឱ្យរាងកាយនូវសារធាតុចិញ្ចឹមត្រឹមត្រូវឡើយ៕