យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាទឹកឃ្មុំសម្បូរដោយវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ុន្តែក្រុមមនុស្សមួយចំនួនត្រូវប្រុងប្រយ័ត្នខ្ពស់ ឬជៀសវាងដាច់ខាតដើម្បីសុវត្ថិភាព។
ចំពោះកុមារអាយុក្រោម ១ ឆ្នាំ ការញ៉ាំទឹកឃ្មុំអាចបង្កគ្រោះថ្នាក់ដល់ជីវិតដោយសារមេរោគដែលប្រព័ន្ធរំលាយអាហារក្មេងមិនអាចទប់ទល់បាន រីឯអ្នកជំងឺទឹកនោមផ្អែម និងអ្នកលើសទម្ងន់ត្រូវកម្រិតការប្រើប្រាស់ព្រោះវាមានជាតិស្ករ និងកាឡូរីខ្ពស់ដែលអាចធ្វើឱ្យប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម និងការគ្រប់គ្រងទម្ងន់។ លើសពីនេះ អ្នកដែលមានប្រវត្តិអាឡែស៊ីលំអងផ្កា អ្នកមានសម្ពាធឈាមទាប និងអ្នកមានបញ្ហាពោះវៀនរ៉ាំរ៉ៃ ក៏អាចជួបផលប៉ះពាល់ដូចជា ប្រតិកម្មអាឡែស៊ីធ្ងន់ធ្ងរ សម្ពាធឈាមធ្លាក់ចុះខ្លាំង ឬអាការៈរាករូស និងហើមពោះជាដើម។
បន្ថែមពីនេះ អ្នកដែលមានជំងឺថ្លើម ឬអ្នកដែលទើបវះកាត់រួច គួរពិគ្រោះជាមួយគ្រូពេទ្យជាមុន ព្រោះទឹកឃ្មុំអាចដាក់សម្ពាធលើថ្លើម និងពន្យឺតការកកឈាម។ ជាពិសេស អ្នកដែលកំពុងប្រើប្រាស់ថ្នាំបញ្ចុះឈាម ថ្នាំបេះដូង ឬថ្នាំផ្សះ មិនគួរញ៉ាំទឹកឃ្មុំដោយចិត្តឯងឡើយ ព្រោះវាអាចធ្វើឱ្យថ្នាំបាត់បង់ប្រសិទ្ធភាព។ ដើម្បីទទួលបានអត្ថប្រយោជន៍បំផុត អ្នកមិនគួរឆុងទឹកឃ្មុំជាមួយទឹកក្តៅពុះ ហើយត្រូវជៀសវាងការញ៉ាំលាយជាមួយសណ្ដែកសៀង ឬគ្រឿងសមុទ្រ ដែលអាចបង្កជាប្រតិកម្មគីមីប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងបង្កជាការពុលអាហារបាន៕