យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងចំណោមវិធីសាស្ត្រចម្អិនអាហារផ្សេងៗដូចជា ឆា ស្ងោរ ចំហុយ និងខ ការចម្អិនបែប “ខ” ត្រូវបានអ្នកជំនាញអាហារូបត្ថម្ភព្រមានថាអាចបង្កហានិភ័យខ្ពស់ដល់សុខភាពតម្រងនោម ប្រសិនបើញ៉ាំញឹកញាប់ពេក។
មូលហេតុចម្បងគឺដោយសារម្ហូបប្រភេទខ ត្រូវការប្រើរយៈពេលរំងាស់យូរ ដែលធ្វើឱ្យសាច់ និងគ្រឿងផ្សំផ្សេងៗបឺតស្រូបយកគ្រឿងទេសចូលទៅក្នុងសាច់បានយ៉ាងជ្រៅ។ បើទោះបីជាគ្រឿងក្រអូបធម្មជាតិដូចជា ខ្ទឹមស ខ្ទឹមក្រហម រមៀត និងគល់ស្លឹកគ្រៃ មិនមានគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែការប្រើប្រាស់អំបិល ទឹកត្រី ឬទឹកស៊ីអ៊ីវក្នុងបរិមាណច្រើនពេក បានបំប្លែងម្ហូបប្រភេទនេះទៅជាប្រភពនៃជាតិសូដ្យូមដ៏លើសលប់។
ការញ៉ាំជាតិប្រៃលើសកម្រិត មិនត្រឹមតែធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កឱ្យរាងកាយរក្សាទុកជាតិទឹកលើស ដែលធ្វើឱ្យលំហូរឈាមទៅកាន់តម្រងនោមមានការកើនឡើង និងបង្ខំឱ្យតម្រងនោមត្រូវធ្វើការធ្ងន់លើសពីសមត្ថភាព។ បន្ថែមពីនេះ ម្ហូបប្រភេទខភាគច្រើនតែងតែមានការបន្ថែមស្ករក្នុងបរិមាណច្រើន ដែលពិបាកក្នុងការគ្រប់គ្រង និងអាចបណ្ដាលឱ្យមានបញ្ហាលើសទម្ងន់ ជំងឺទឹកនោមផ្អែម និងប៉ះពាល់ដល់មុខងារថ្លើមទៀតផង។
ដើម្បីថែរក្សាសុខភាពតម្រងនោមឱ្យបានល្អ លោកវេជ្ជបណ្ឌិតណែនាំឱ្យងាកមកចាប់អារម្មណ៍លើការចម្អិនបែបស្ងោរ ឬចំហុយវិញ និងត្រូវកម្រិតបរិមាណអំបិលឱ្យនៅត្រឹម ៤ ទៅ ៥ ក្រាមក្នុងមួយថ្ងៃ (ប្រហែល ១ ស្លាបព្រាកាហ្វេ)។ ចំពោះអ្នកដែលមានជំងឺប្រចាំកាយដូចជា លើសឈាម ទឹកនោមផ្អែម ឬជំងឺតម្រងនោមស្រាប់ គួរតែគ្រប់គ្រងរបបអាហារឱ្យបានហ្មត់ចត់បំផុត ដោយកាត់បន្ថយគ្រឿងទេស និងបង្កើនការញ៉ាំបន្លែឱ្យបានច្រើន ដើម្បីជួយឱ្យរាងកាយទទួលបានតុល្យភាពសារធាតុចិញ្ចឹមឡើងវិញ៕