យោងតាមការចុះផ្សាយពីប្រភពបរទេស ការប្រើប្រាស់ចង្កឹះឈើ ឬចង្កឹះឫស្សីក្នុងរដូវដែលមានសំណើមខ្ពស់ អាចបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាព ប្រសិនបើមិនបានរក្សាអនាម័យឱ្យបានត្រឹមត្រូវ។
ដោយសារឈើមានសរសៃដែលអាចបឺតស្រូបទឹកបានជ្រៅ ទោះបីជាផ្ទៃខាងក្រៅមើលទៅស្ងួត ក៏ខាងក្នុងអាចនៅសើម ដែលបង្កជាបរិយាកាសអំណោយផលដល់ការដុះមេរោគផ្សិត និងបាក់តេរីលាក់ខ្លួនតាមស្នាមប្រេះតូចៗ។ អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ មេរោគផ្សិតលើចង្កឹះឈើអាចបង្កើតជាតិពុល Aflatoxin ដែលជាសារធាតុគ្រោះថ្នាក់បំផុតក្នុងការបង្កជំងឺមហារីកថ្លើម ប្រសិនបើយើងប្រើប្រាស់វាសម្រាប់ចាប់ចំណីអាហារចូលក្នុងរាងកាយជារៀងរាល់ថ្ងៃ។
ដើម្បីការពារសុខភាពក្រុមគ្រួសារ អ្នកគួរឧស្សាហ៍ពិនិត្យមើលសញ្ញានៃការចុះខ្សោយគុណភាពរបស់ចង្កឹះ ដូចជាការប្រែពណ៌ទៅជាក្រមៅមានដុំខ្មៅតូចៗ មានក្លិនជូរ ឬមានសភាពរអិលខុសធម្មតា។ អ្នកជំនាញណែនាំឱ្យលាងសម្អាត និងដាក់ចង្កឹះនៅកន្លែងដែលមានខ្យល់ចេញចូលល្អ ឬហាលថ្ងៃឱ្យស្ងួតសព្វមុននឹងយកទៅរក្សាទុក ព្រមទាំងត្រូវលាងសម្អាតបំពង់ដាក់ចង្កឹះឱ្យបានទៀងទាត់ផងដែរ។ ជាពិសេស ដើម្បីធានាសុវត្ថិភាពខ្ពស់បំផុត អ្នកគួរតែផ្លាស់ប្តូរចង្កឹះឈើថ្មីរៀងរាល់ ៦ ខែម្ដង និងជៀសវាងការប្រើប្រាស់ចង្កឹះដែលចាស់ខ្លាំង ឬមានស្នាមប្រេះបែកដែលពិបាកក្នុងការលាងសម្អាតមេរោគឱ្យអស់៕