យោងតាមការចុះផ្សាយពីប្រភពបរទេស ទឹកក្រូចឆ្មារគឺជាប្រភពនៃវីតាមីន C អាស៊ីតក្រូចឆ្មារ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ប្រសិនបើអ្នកញ៉ាំវាបានត្រឹមត្រូវ។
ការលាយទឹកក្រូចឆ្មារជាមួយទឹកក្ដៅឧណ្ហៗញ៉ាំនៅពេលព្រឹក ជួយពង្រឹងប្រព័ន្ធភាពស៊ាំ បង្ការជំងឺផ្ដាសាយ ជំរុន្ធរំលាយអាហារ កាត់បន្ថយការហើមពោះ និងជួយដល់ដំណើរការបន្សាបជាតិពុលក្នុងថ្លើម។ លើសពីនេះ វាថែមទាំងជួយដល់ការគ្រប់គ្រងទម្ងន់ និងធ្វើឱ្យស្បែកស្រស់ថ្លាតាមរយៈការជំរុញផលិតកម្មកូឡាជែនទៀតផង។
ទោះជាយ៉ាងណា ការប្រើប្រាស់ខុសរបៀបក៏អាចបង្កផលប៉ះពាល់ដល់រាងកាយវិញដែរ។ ជាតិអាស៊ីតខ្ពស់ក្នុងក្រូចឆ្មារអាចធ្វើឱ្យសឹកកាចាធ្មេញ និងបង្កការស្រៀវធ្មេញ ប្រសិនបើអ្នកមិនខ្ពុរមាត់ក្រោយពេលញ៉ាំ។ ចំពោះអ្នកដែលមានបញ្ហាក្រពះពោះវៀន ការញ៉ាំទឹកក្រូចឆ្មារនៅពេលពោះទទេ ឬក្នុងបរិមាណច្រើនពេក អាចបណ្ដាលឱ្យឈឺក្រពះ ច្រាលអាស៊ីត ឬក្រហាយទ្រូង។ បន្ថែមពីនេះ ទឹកក្រូចឆ្មារក៏អាចមានប្រតិកម្មជាមួយថ្នាំពេទ្យមួយចំនួន ដូចជាថ្នាំផ្សះ ថ្នាំបាក់ទឹកចិត្ត និងថ្នាំបញ្ចុះសម្ពាធឈាមផងដែរ។
ដើម្បីញ៉ាំទឹកក្រូចឆ្មារឱ្យមានសុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត អ្នកជំនាញណែនាំឱ្យប្រើក្រូចឆ្មារត្រឹមតែកន្លះផ្លែទៅ ១ ផ្លែក្នុងមួយថ្ងៃ ដោយលាយជាមួយទឹកពី ២៥០ ទៅ ៥០០ មីលីលីត្រ។ ពេលវេលាដ៏ល្អបំផុតគឺញ៉ាំនៅពេលព្រឹក ក្រោយពេលញ៉ាំអាហារសម្រន់បន្តិចបន្តួច ឬ ៣០ នាទីមុនពេលញ៉ាំអាហារ។ អ្នកគួរជៀសវាងការញ៉ាំវានៅពេលពោះទទេស្អាត ជាពិសេសប្រសិនបើអ្នកមានប្រវត្តិដំបៅក្រពះ ច្រាលអាស៊ីត ឬមានធ្មេញខ្សោយ៕