យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកប្រហែលជាមិនជឿទេថា “ក្រូចឆ្មារ” និង “ថ្នាំដុសធ្មេញ” គឺជាដៃគូដ៏ពូកែក្នុងការកម្ចាត់ក្អែល និងក្លិនផ្អូមក្នុងម៉ាស៊ីនបោកខោអាវបានយ៉ាងប្រសើរ។
វិធីសាស្ត្រដ៏សាមញ្ញ និងសន្សំសំចៃនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ដោយសារវាអាចប្រែក្លាយម៉ាស៊ីនបោកដែលធ្លាប់តែមានក្លិនមិនល្អ ឱ្យត្រឡប់មកស្អាតក្រអូប និងមានអនាម័យឡើងវិញក្នុងតម្លៃទាបបំផុត។
របៀបអនុវត្តគឺងាយស្រួលបំផុត ដោយអ្នកគ្រាន់តែយក ក្រូចឆ្មារស្រស់មកពុះជាពីរ រួចច្របាច់ថ្នាំដុសធ្មេញពីលើមុខកាត់នៃក្រូចឆ្មារទាំងពីរចំណិតនោះ បន្ទាប់មកបោះវាចូលទៅក្នុងធុងបោកដែលទទេស្អាត។ ជាចុងក្រោយ សូមជ្រើសរើសកម្មវិធី “បោកជម្រះរហ័ស” (Quick Wash) ដោយប្រើទឹកក្ដៅឧណ្ហៗ នោះជាតិអាស៊ីតពីក្រូចឆ្មារនឹងរួមផ្សំជាមួយសារធាតុខាត់ក្នុងថ្នាំដុសធ្មេញ ដើម្បីកម្ចាត់កម្ទេចសាប៊ូ បាក់តេរី និងកំបោរដែលជាប់តាមជញ្ជាំងធុងបោកបានយ៉ាងស្អាតដាច់តែម្ដង។
ក្រៅពីការលាងសម្អាត អ្នកជំនាញក៏បានណែនាំទម្លាប់ល្អៗចំនួន ៥ ដើម្បីកាត់បន្ថយក្លិនផ្អូមក្នុងម៉ាស៊ីន រួមមាន៖ ការជូតសម្អាតរង់កៅស៊ូទ្វារឱ្យបានទៀងទាត់ ប្រើប្រាស់មុខងារទឹកក្ដៅដើម្បីសម្លាប់មេរោគ កាត់បន្ថយការប្រើទឹកក្រអូបលើសចំណុះ ប្រញាប់យកខោអាវចេញក្រោយបោកជម្រះរួច និងត្រូវ ចំហទ្វារម៉ាស៊ីនទុកចោលបន្តិច ដើម្បីឱ្យខ្យល់ចេញចូលជួយឱ្យធុងបោកស្ងួតល្អ ចៀសវាងការដុះផ្សិត៕