យោងតាមការចុះផ្សាយពីប្រភពបរទេស ការមានស្បែកភ្លឺថ្លា និងសុខភាពល្អមិនមែនជារឿងពិបាកឡើយ ប្រសិនបើអ្នកចេះជ្រើសរើសការបំប៉នចេញពីខាងក្នុង។ ខាងក្រោមនេះគឺជាភេសជ្ជៈ ៥ ប្រភេទដែលជួយឱ្យស្បែកស្រស់ថ្លា និងក្មេងជាងវ័យ៖
ដំបូងគឺ ទឹកបន្លែផ្លែឈើស្រស់ ដែលមានធាតុផ្សំពីខាត់ណា និងស្ពៃដែលសម្បូរវីតាមីន ជួយកាត់បន្ថយការរលាក និងជម្រះជាតិពុលឱ្យស្បែកមើលទៅភ្លឺថ្លាមិនស្រអាប់។ បន្ទាប់មកគឺ ទឹកក្រឡុកឪឡឹក និងស្លឹកជីរអង្កាម ដែលជួយបំពេញជាតិទឹកដល់កោសិកាស្បែកឱ្យមើលទៅតឹងណែន និងការពារស្បែកពីការបំផ្លាញដោយពន្លឺព្រះអាទិត្យ។ ចំពោះអ្នកដែលចង់បំប៉នប្រព័ន្ធរំលាយអាហារឱ្យជះឥទ្ធិពលដល់ស្បែក ការញ៉ាំ ទឹកប្រទាលកន្ទុយក្រពើ គឺជាជម្រើសដ៏ល្អក្នុងការកាត់បន្ថយការរលាកផ្ទៃក្នុង។
ក្រៅពីនេះ ទឹកដោះគោអាល់ម៉ុនលាយរមៀត ដែលសម្បូរវីតាមីន E និងសារធាតុប្រឆាំងការរលាក នឹងជួយឱ្យស្បែកមានសំណើម មិនស្ងួតគ្រើម និងមានភាពរស់រវើក។ ជាចុងក្រោយ ភេសជ្ជៈងាយៗដែលគ្រប់គ្នាគួរញ៉ាំនៅពេលព្រឹកគឺ ទឹកឃ្មុំក្រូចឆ្មារក្ដៅឧណ្ហៗ ដែលសម្បូរវីតាមីន C ជួយជំរុញការបង្កើតកូឡាជែន បំបាត់ស្នាមអុជខ្មៅ និងជួយឱ្យប្រព័ន្ធបញ្ចេញចោលដំណើរការល្អ នាំឱ្យស្បែកស្រស់ថ្លាចេញពីខាងក្នុងមកយ៉ាងពិតប្រាកដ៕