យោងតាមការចុះផ្សាយពីប្រភពបរទេស ល្ងខ្មៅត្រូវបានគេទទួលស្គាល់ថាជា “Superfood” ដ៏អស្ចារ្យ ដោយសារវាសម្បូរទៅដោយជាតិកាល់ស្យូមច្រើនជាងទឹកដោះគោរហូតដល់ ៦ ដង ដែលជាជំនួយការយ៉ាងពូកែក្នុងការបំប៉នឆ្អឹង និងធ្មេញឱ្យរឹងមាំ ព្រមទាំងបង្ការជំងឺពុកឆ្អឹង ជាពិសេសសម្រាប់មនុស្សចាស់។
នៅក្នុងគ្រាប់ល្ងខ្មៅនីមួយៗមានផ្ទុកសារធាតុ Sesamin ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយជាតិខ្លាញ់អាក្រក់ក្នុងឈាម ការពារជំងឺបេះដូង និងជួយសម្រាលការឈឺចាប់ពីការរលាកសន្លាក់។ ក្រៅពីអត្ថប្រយោជន៍ដល់សុខភាពខាងក្នុង វីតាមីន E និងអាស៊ីតអូមេហ្គា ៣-៦-៩ នៅក្នុងល្ងខ្មៅ ក៏ជួយឱ្យស្បែកមានសំណើម ភ្លឺថ្លា និងជួយឱ្យសក់ដុះលូតលាស់ខ្មៅរលោងស្អាតពីខាងក្រៅផងដែរ។
ទោះបីជាវាជាស្ដេចគ្រាប់ធញ្ញជាតិក៏ដោយ ក៏អ្នកត្រូវដឹងពីកម្រិតនៃការប្រើប្រាស់ឱ្យបានត្រឹមត្រូវ ព្រោះល្ងខ្មៅផ្តល់ថាមពលខ្ពស់ខ្លាំង (១០០ ក្រាម មានដល់ ៧០០ កាឡូរី) ដែលអាចបណ្តាលឱ្យឡើងទម្ងន់ប្រសិនបើញ៉ាំច្រើនហួសកំណត់។ លើសពីនេះ អ្នកដែលមានជំងឺ រាងកាយមិនអាចបញ្ចេញជាតិស្ពាន់ចោលបាន ត្រូវប្រុងប្រយ័ត្នខ្ពស់ ព្រោះល្ងខ្មៅសម្បូរទៅដោយសារធាតុស្ពាន់ ដែលអាចប៉ះពាល់ដល់ថ្លើម និងប្រព័ន្ធប្រសាទ។ ដើម្បីទទួលបានសុខភាពល្អបំផុត អ្នកជំនាញណែនាំឱ្យទទួលទានត្រឹមតែ ១ ស្លាបព្រាបាយ (ប្រហែល ១៥ ក្រាម) ក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់បំផុតសម្រាប់រាងកាយ។
ដើម្បីឱ្យរាងកាយអាចស្រូបយកសារធាតុចិញ្ចឹមបានពេញលេញ អ្នកគួរ កិនល្ងខ្មៅឱ្យម៉ដ្ឋ ឬទំពាឱ្យម៉ដ្ឋល្អ មុននឹងលេប ព្រោះសំបកល្ងមានភាពរឹងដែលក្រពះពិបាករំលាយ។ អ្នកអាចបន្ថែមរសជាតិ និងសុខភាពដោយការរោយល្ងខ្មៅលើបាយ សាលាដ ឬលាយជាមួយទឹកសណ្ដែកជាការស្រេច។ ចំពោះប្រេងល្ងខ្មៅវិញ គួរប្រើសម្រាប់ស្រោចលើអាហារឆ្អិនស្រាប់ ឬធ្វើជាទឹកជ្រលក់ ដោយជៀសវាងការប្រើកម្ដៅខ្លាំង ដើម្បីរក្សាតម្លៃអាហាររូបត្ថម្ភឱ្យនៅគង់វង្សបានល្អ៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕