យោងតាមការចុះផ្សាយពីប្រភពបរទេស ការបន្ទុំស្វាយឱ្យឆាប់ទុំតាមបែបធម្មជាតិ គឺផ្អែកលើការកកកុញនូវឧស្ម័ន អ៊ីទីឡែន ដែលជាអ័រម៉ូនធម្មជាតិរបស់រុក្ខជាតិសម្រាប់ជួយឱ្យផ្លែឈើទុំ។
វិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតគឺការខ្ចប់ផ្លែស្វាយក្នុងក្រដាសកាសែត ឬដាក់ក្នុងថង់ក្រដាសដើម្បីរក្សាឧស្ម័ននេះឱ្យនៅជុំវិញផ្លែ ដែលអាចជួយឱ្យស្វាយទុំលឿនជាងមុនក្នុងរយៈពេលពី ១ ទៅ ៣ ថ្ងៃ។ ក្រៅពីនេះ ការដាក់ស្វាយខ្ចីចូលក្នុងថង់រួមគ្នាជាមួយចេកទុំ ក៏ជាវិធីពន្លឿនការទុំដ៏អស្ចារ្យដែរ ព្រោះចេកទុំបញ្ចេញឧស្ម័នអ៊ីទីឡែនក្នុងបរិមាណខ្ពស់ ដែលអាចធ្វើឱ្យស្វាយទុំក្នុងរយៈពេលត្រឹមតែ ១ ទៅ ២ ថ្ងៃប៉ុណ្ណោះ។
បន្ថែមពីនេះ អ្នកអាចដាក់ស្វាយក្នុងប្រអប់កាតុង ឬប្រអប់ជ័រដែលមានរន្ធខ្យល់បន្តិចបន្តួចដើម្បីជៀសវាងការផ្អាប់សំណើមខ្លាំងពេក ប៉ុន្តែត្រូវរក្សាកម្ដៅឱ្យនៅចន្លោះពី ២៥ ទៅ ៣០ អង្សាសេ។ អ្វីដែលអ្នកគួរជៀសវាងដាច់ខាត គឺការដាក់ស្វាយខ្ចីក្នុងទូទឹកកក ព្រោះភាពត្រជាក់នឹងធ្វើឱ្យស្វាយលែងទុំ សាច់រឹង និងមិនមានរសជាតិផ្អែមឆ្ងាញ់។ អ្នកអាចដឹងថាស្វាយចាប់ផ្ដើមទុំបានតាមរយៈក្លិនក្រអូបភាយចេញពីក្បាលទង សំបកចាប់ផ្ដើមប្តូរពណ៌តាមប្រភេទពូជ ហើយនៅពេលស្ទាប ឬចុចតិចៗ វានឹងមានសភាពទន់ល្មម មិនរឹងឡើយ៕