យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងកំឡុងពេលអាកាសធាតុក្ដៅខ្លាំង ការដាក់សម្ភារៈប្រើប្រាស់មួយចំនួននៅខាងក្រៅផ្ទះ ឬកន្លែងដែលត្រូវពន្លឺថ្ងៃផ្ទាល់ អាចក្លាយជាដើមហេតុនៃគ្រោះអគ្គិភ័យ ឬការផ្ទុះដោយមិនដឹងខ្លួន។
កៅអីអ៊ីណុក ឬគ្រឿងសង្ហារិមលោហៈដែលមានផ្ទៃរលោងខ្លាំង អាចជះពន្លឺថ្ងៃត្រឡប់ទៅវិញដូចជាកញ្ចក់ ដែលប្រសិនបើពន្លឺនោះទៅប៉ះនឹងវត្ថុដែលងាយឆេះដូចជា ក្រណាត់ ផ្លាស្ទិក ឬក្រដាស វានឹងបង្កើតឱ្យមានការប្រមូលផ្ដុំកម្ដៅខ្លាំងរហូតដល់បង្កជាអណ្ដាតភ្លើង។ ស្រដៀងគ្នានេះដែរ ដបទឹក ឬដបផ្លាស្ទិកថ្លាដែលមានទឹកនៅខាងក្នុង អាចដើរតួជាឡេនពង្រីកពន្លឺ ដោយវាប្រមូលផ្ដុំកម្ដៅថ្ងៃទៅលើចំណុចហ្វូកឺសតែមួយ ដែលអាចធ្វើឱ្យវត្ថុនៅទីនោះឆាបឆេះភ្លាមៗ។
ក្រៅពីនេះ ការដាក់ម៉ាស៊ីនបោកខោអាវនៅកណ្ដាលវាលឱ្យត្រូវកម្ដៅថ្ងៃយូរថ្ងៃ នឹងធ្វើឱ្យផ្នែកផ្លាស្ទិក និងស្រទាប់ការពារខ្សែភ្លើងឆាប់ស្រួយ និងរេចរឹល ដែលបង្កឱ្យមានការឆ្លងចរន្តអគ្គិភ័យក្នុងផ្ទះយ៉ាងងាយស្រួល។ វត្ថុដទៃទៀតដូចជា កញ្ចក់ឆ្លុះមុខ ឬវត្ថុតបតែងជះពន្លឺ ក៏អាចបង្កជាការឆេះដោយឯកឯងបានដែរ ប្រសិនបើវាជះកម្ដៅទៅលើស្លឹកឈើស្ងួត ឬប្រអប់ក្រដាសដែលនៅក្បែរនោះ។ ចំណុចដែលគ្រោះថ្នាក់បំផុតគឺ ដបស្ព្រាយ៍ ឬកំប៉ុងដែលមានសម្ពាធ ដូចជាស្ព្រាយ៍បាញ់មូស និងកំប៉ុងហ្គាសផ្សេងៗ ព្រោះកម្ដៅនឹងធ្វើឱ្យសម្ពាធខាងក្នុងកើនឡើងរហូតដល់ហើម និងផ្ទុះឡើងបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ដើម្បីសុវត្ថិភាព អ្នកគួររៀបចំទុកដាក់វត្ថុទាំងនេះនៅកន្លែងដែលមានម្លប់ និងត្រួតពិនិត្យឧបករណ៍អគ្គិភ័យឱ្យបានទៀងទាត់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗក្នុងរដូវក្ដៅនេះ៕