យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺដាច់សរសៃឈាមខួរក្បាល មិនមែនកើតឡើងតែលើមនុស្សចាស់នោះទេ ប៉ុន្តែវាអាចកើតមានលើមនុស្សគ្រប់វ័យប្រសិនបើមានទម្លាប់រស់នៅមិនល្អដូចជា ការជក់បារី ការផឹកស្រាច្រើន ឬការញ៉ាំអាហារដែលបង្កឱ្យមានជាតិខ្លាញ់ និងជាតិស្ករក្នុងឈាមខ្ពស់។
បើតាម “គោលការណ៍ B.E.F.A.S.T.” ប្រសិនបើអ្នកសង្កេតឃើញអាការៈធ្លាក់ជ្រុងមាត់ ដៃជើងទន់កម្លាំងមួយចំហៀងខ្លួន ឬនិយាយមិនច្បាស់ អ្នកត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះ “ពេលវេលាគឺជាជីវិត”។ ដើម្បីការពារខ្លួនពីជំងឺនេះ ការជ្រើសរើសរបបអាហារត្រឹមត្រូវគឺជាខែលការពារដ៏សំខាន់បំផុត។
អាហារដំបូងដែលគួរញ៉ាំគឺ ត្រី ជាពិសេសត្រីដែលសម្បូរអូមេហ្គា-៣ ដូចជាត្រីធូណា ត្រីសាម៉ុង ឬត្រីប្រឡាក់ ត្រីប្រា និងត្រីរ៉ស់ក្នុងស្រុកយើង ដែលផ្ដល់ប្រូតេអ៊ីនល្អ និងកាត់បន្ថយខ្លាញ់អាក្រក់។ បន្ទាប់មកគឺ ប្រូតេអ៊ីនពីសុកជាតិ ដូចជាតៅហ៊ូ និងទឹកដោះគោខ្វះជាតិខ្លាញ់ ដែលជួយទ្រទ្រង់រាងកាយដោយមិនផ្ដល់ផលប៉ះពាល់ដល់សរសៃឈាម។ ការជំនួសបាយស ឬនំបុ័ងស ដោយ កាបូអ៊ីដ្រាតចម្រុះ ដូចជាបាយសម្រូប ធញ្ញជាតិ និងបន្លែផ្លែឈើដែលមិនផ្អែមខ្លាំង ក៏ជួយផ្ដល់ជាតិសរសៃ និងកាត់បន្ថយជាតិស្ករក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាព។
លើសពីនេះ ការជ្រើសរើស ខ្លាញ់ល្អ ពីគ្រាប់ធញ្ញជាតិ ផ្លែបឺរ ឬប្រេងអូលីវ និងប្រេងកន្ទក់ ដោយជៀសវាងខ្លាញ់សត្វ ឬប្រេងដូង គឺជាគន្លឹះការពារសរសៃឈាមមិនឱ្យកកស្ទះ។ ជាចុងក្រោយ អ្នកគួរញ៉ាំ អាហារស្រស់ៗតាមធម្មជាតិ ជាជាងអាហារកែច្នៃដូចជាសាច់ក្រក ឬហ្សាំបុង ដែលសម្បូរទៅដោយជាតិសូដ្យូមខ្ពស់ បង្កឱ្យឡើងសម្ពាធឈាម និងប៉ះពាល់ដល់តម្រងនោម។ ទន្ទឹមនឹងការជ្រើសរើសអាហារល្អៗ ការហាត់ប្រាណឱ្យបានទៀងទាត់យ៉ាងតិច ៣ ទៅ ៥ ថ្ងៃក្នុងមួយសប្តាហ៍ និងការគេងឱ្យបានគ្រប់គ្រាន់ នឹងជួយឱ្យអ្នកជៀសឆ្ងាយពីគ្រោះថ្នាក់នៃជំងឺដាច់សរសៃឈាមខួរក្បាលបានយ៉ាងពិតប្រាកដ៕