យោងតាមការចុះផ្សាយពីប្រភពបរទេស ការស្ងាបជាទូទៅគឺជាសញ្ញានៃការងងុយគេង ឬអស់កម្លាំងធម្មតា ប៉ុន្តែប្រសិនបើអ្នកសង្កេតឃើញថាខ្លួនឯងស្ងាបញឹកញាប់ពេក ឬស្ងាបមិនឈប់ក្នុងមួយថ្ងៃៗ វាអាចជាសញ្ញាព្រមាននៃបញ្ហាសុខភាពធ្ងន់ធ្ងរដែលកំពុងលាក់ខ្លួនក្នុងរាងកាយ។
មូលហេតុចម្បងមួយអាចបណ្ដាលមកពីជំងឺផ្លូវដង្ហើមពេលគេង ជាពិសេសគឺ “ការឈប់ដកដង្ហើមពេលគេង” ដែលធ្វើឱ្យរាងកាយខ្វះអុកស៊ីសែន និងសម្រាកមិនបានស្កប់ស្កល់ ទោះបីជាអ្នកគេងច្រើនម៉ោងក៏ដោយ។ អ្វីដែលកាន់តែគួរឱ្យព្រួយបារម្ភនោះគឺការស្ងាបញឹកញាប់ក៏អាចពាក់ព័ន្ធនឹងបញ្ហាបេះដូង និងសរសៃឈាមផងដែរ ព្រោះវាជាសញ្ញាថាចរន្តឈាមរត់ទៅចិញ្ចឹមបេះដូង និងខួរក្បាលមិនបានល្អ ហើយប្រសិនបើវាមានភ្ជាប់ជាមួយអាការៈណែនទ្រូង ឬដកដង្ហើមខ្លីៗ ស្បែកបែកញើសត្រជាក់ វាអាចជាសញ្ញាព្រមានមុននៃ ជំងឺគាំងបេះដូង។
ក្រៅពីបញ្ហាបេះដូង ការស្ងាបខុសធម្មតាក៏អាចជារោគសញ្ញានៃជំងឺប្រព័ន្ធប្រសាទ និងខួរក្បាលធ្ងន់ធ្ងរដូចជា ជំងឺឆ្កួតជ្រូក ជំងឺសាច់ដុំឡើងរឹង ឬមានដុំសាច់ដែលបង្កសម្ពាធដល់ខួរក្បាល។ បន្ថែមពីនេះ ផលប៉ះពាល់ពីថ្នាំពេទ្យមួយចំនួនដូចជា ថ្នាំអាលែកហ្ស៊ី ឬថ្នាំប្រឆាំងភាពតានតឹង ក៏អាចជាដើមហេតុធ្វើឱ្យអ្នកងងុយគេង និងស្ងាបច្រើនខុសប្រក្រតីដែរ។ ក្នុងករណីខ្លះ វាក៏អាចផ្សារភ្ជាប់ទៅនឹងជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ដែលមានកម្រិតជាតិស្ករឡើងខ្ពស់ខ្លាំង ឬបញ្ហាថ្លើមដែលធ្វើឱ្យរាងកាយអស់កម្លាំងល្ហិតល្ហៃ។
ដូច្នេះ ប្រសិនបើអ្នកមានអាការៈស្ងាបខ្លាំងរួមជាមួយការដកដង្ហើមមិនស្រួល ឬមានអារម្មណ៍មិនស្រួលក្នុងខ្លួន អ្នកមិនគួរព្រងើយកន្តើយឡើយ ហើយគួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងការពារគ្រោះថ្នាក់ដែលមើលមិនឃើញទាំងនេះឱ្យបានទាន់ពេលវេលា៕