យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺមហារីកកើតឡើងពីការរីកលូតលាស់មិនធម្មតានៃកោសិកាដែលរាងកាយមិនអាចគ្រប់គ្រងបាន ប៉ុន្តែយើងអាចកាត់បន្ថយហានិភ័យនេះបានតាមរយៈការជ្រើសរើសរបបអាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនសំខាន់ៗ។
ជាដំបូង បន្លែពណ៌ដិត (ដូចជា ផ្កាខាត់ណាខៀវ ការ៉ុត ប៉េងប៉ោះ ខ្ទឹមស) និង គ្រាប់ធញ្ញជាតិ (សណ្តែក ស្រូវសាលី អូត) គឺជាប្រភពជាតិសរសៃ និងសារធាតុការពារកោសិកាយ៉ាងពូកែ។ បន្ថែមពីនេះ ផ្លែឈើអម្បូរប៊ឺរី និង សារាយសមុទ្រ សុទ្ធតែមានជាតិរ៉ែខ្ពស់ដែលជួយទប់ស្កាត់ការរលាក និងការកកើតកោសិកាមហារីក។
ក្រៅពីបន្លែផ្លែឈើ ការទទួលទាន ត្រីសមុទ្រ ដែលសម្បូរអូមេហ្គា-៣ និង គ្រឿងទេស (ដូចជា ខ្ញី ម្រេច រមៀត) នឹងជួយជម្រុញប្រព័ន្ធភាពស៊ាំឱ្យកាន់តែខ្លាំង។ ចំពោះប្រព័ន្ធរំលាយអាហារវិញ យ៉ាអួ និង ផ្សិតគ្រប់ប្រភេទ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកម្ចាត់កាកសំណល់ និងបង្អាក់ការរីកលូតលាស់នៃដុំសាច់។ ជាចុងក្រោយ អ្វីដែលសាមញ្ញបំផុតនោះគឺ ការញ៉ាំទឹកស្អាត ឱ្យបានគ្រប់គ្រាន់ ដើម្បីជួយឱ្យចរន្តឈាមរត់បានល្អ និងនាំយកជាតិពុលចេញពីរាងកាយ។
ទោះបីជាមហារីកជាជំងឺកាចសាហាវ ប៉ុន្តែប្រសិនបើរកឃើញក្នុងដំណាក់កាលដំបូង (ដំណាក់កាលទី ០-១) ឱកាសនៃការព្យាបាលឱ្យជាសះស្បើយគឺមានខ្ពស់រហូតដល់ ៧០-៩៥%។ ក្រៅពីការញ៉ាំអាហារល្អៗ ការជៀសវាងបារី គ្រឿងស្រវឹង និងការហាត់ប្រាណឱ្យបានទៀងទាត់ គឺជាខែលការពារដ៏រឹងមាំបំផុតសម្រាប់ជីវិតរបស់អ្នក៕