អាការៈរមួលក្រពើ គឺជាការកន្ត្រាក់សាច់ដុំដោយបង្ខំ និងមិនអាចគ្រប់គ្រងបាន ដែលបង្កឱ្យមានការឈឺចាប់ខ្លាំងភ្លាមៗ ។ វាអាចកើតឡើងនៅគ្រប់ផ្នែកនៃរាងកាយ ប៉ុន្តែភាគច្រើន គឺនៅកំភួនជើង ភ្លៅ និងប្រអប់ជើង ។ ខាងក្រោមនេះ គឺជាមូលហេតុចម្បងៗដែលបណ្តាលឱ្យអ្នកឧស្សាហ៍រមួលក្រពើ ៖
១. កង្វះជាតិទឹក និងសារធាតុរ៉ែ
នេះ គឺជាមូលហេតុទូទៅបំផុត ។ នៅពេលរាងកាយខ្វះជាតិទឹក ឬបាត់បង់ជាតិអំបិលតាមរយៈញើស សាច់ដុំនឹងចាប់ផ្តើមធ្វើការខុសប្រក្រតី៖
-កង្វះប៉ូតាស្យូម ម៉ាញ៉េស្យូម ឬកាល់ស្យូម៖ សារធាតុរ៉ែទាំងនេះជួយឱ្យសាច់ដុំកន្ត្រាក់ និងសម្រាកបានស្រួល។
-ការផឹកទឹកមិនគ្រប់គ្រាន់ ៖ ធ្វើឱ្យឈាមរត់មិនស្រួល និងនាំសារធាតុចិញ្ចឹមទៅសាច់ដុំមិនបានល្អ។
២. ការប្រើប្រាស់សាច់ដុំហួសកម្លាំង
–ការហាត់ប្រាណខ្លាំងពេក ឬប្រើកម្លាំងបាយយូរពេក ធ្វើឱ្យសាច់ដុំហត់នឿយខ្លាំង។
-ការឈរ ឬអង្គុយក្នុងឥរិយាបថដដែលៗយូរពេក ក៏អាចបង្កឱ្យមានការរមួលក្រពើផងដែរ។
៣. បញ្ហាចរន្តឈាមរត់
ប្រសិនបើសរសៃឈាមដែលនាំឈាមទៅកាន់ជើងមានការរួមតូច វានឹងបង្កឱ្យមានការឈឺចាប់ដូចរមួលក្រពើ នៅពេលអ្នកហាត់ប្រាណ ឬដើរ ។ អាការៈនេះច្រើនតែបាត់ទៅវិញនៅពេលអ្នកឈប់សម្រាក។
៤. ការគាបសរសៃប្រសាទ
ការគាបសរសៃប្រសាទនៅឆ្អឹងខ្នង (Spinal Stenosis) អាចបង្កឱ្យមានការឈឺចាប់ និងរមួលក្រពើនៅជើង។ ការដើរកាន់តែយូរ ការឈឺចាប់កាន់តែខ្លាំង។
៥. កត្តាផ្សេងៗ និងជំងឺប្រចាំកាយ
-ស្ត្រីមានផ្ទៃពោះ ៖ ច្រើនតែកើតមានអាការៈរមួលក្រពើនៅពេលយប់ ដោយសារការប្រែប្រួលអរម៉ូន និងទម្ងន់ទង្កិចលើសរសៃឈាម។
-ជំងឺទឹកនោមផ្អែម៖ បង្កឱ្យមានការខូចខាតសរសៃប្រសាទចុងដៃចុងជើង។
-ផលរំខាននៃថ្នាំ ៖ ថ្នាំមួយចំនួនដូចជា ថ្នាំបញ្ចុះទឹកនោម ឬថ្នាំបញ្ចុះជាតិខ្លាញ់ (Statins) អាចបង្កឱ្យរមួលក្រពើ។
វិធីសង្គ្រោះបឋម និងការបង្ការ
-ការម៉ាស្សា និងពន្លាត (Stretch): ប្រសិនបើរមួលក្រពើកំភួនជើង ត្រូវទាញចុងជើងឡើងលើមករកជង្គង់ឱ្យតឹង រួចម៉ាស្សាស្រាលៗ។
-ស្អំទឹកក្តៅ ឬទឹកកក៖ ប្រើកន្សែងក្តៅស្អំដើម្បីឱ្យសាច់ដុំសម្រាក ឬប្រើទឹកកកដើម្បីកាត់បន្ថយការឈឺចាប់។
-ញ៉ាំទឹកឱ្យបានច្រើន៖ យ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃ។
-របបអាហារ៖ បង្កើនការញ៉ាំអាហារដែលមានប៉ូតាស្យូម និងម៉ាញ៉េស្យូម ដូចជា ចេក ផ្លែបឺរ គ្រាប់ធញ្ញជាតិ និងបន្លែបៃតង។
-ហាត់ពត់ខ្លួនមុនចូលគេង៖ បើអ្នកឧស្សាហ៍រមួលក្រពើពេលយប់ គួរហាត់ពត់ជើងស្រាលៗមុនពេលសម្រាក។
ប្រសិនបើអាការៈរមួលក្រពើកើតឡើងញឹកញាប់ខ្លាំង ធ្វើឱ្យហើមជើង ឬស្បែកប្រែពណ៌ អ្នកគួរតែទៅពិនិត្យឈាមជាមួយគ្រូពេទ្យ ដើម្បីដឹងថាអ្នកកំពុងខ្វះសារធាតុរ៉ែអ្វីឱ្យប្រាកដ។