យោងតាមការចុះផ្សាយពីប្រភពបរទេស សម្រស់ស្បែកដែលក្មេងជាងវ័យ និងភ្លឺរលោង មិនមែនពឹងផ្អែកតែលើការលាបគ្រីមថែរក្សាពីខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែវាផ្ដើមចេញពីរបបអាហារដែលអ្នកញ៉ាំជារៀងរាល់ថ្ងៃ។
អាហារដែលសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម គឺជាខែលការពារស្បែកពីការបំពុល និងពន្លឺព្រះអាទិត្យ។ ជាដំបូង ផ្លែប៊ឺរីពណ៌ខ្មៅ និង តែបៃតង គឺជាប្រភពនៃសារធាតុ Anthocyanin និង EGCG ដែលជួយកាត់បន្ថយការរលាកកោសិកាស្បែក និងរារាំងការផលិតមេឡានីន ដែលជាមូលហេតុធ្វើឱ្យកើតស្នាមអុចខ្មៅ។
ក្រៅពីនេះ ការចម្អិនអាហារឱ្យត្រូវបច្ចេកទេសក៏ជួយបង្កើនប្រសិទ្ធភាពសម្រស់ផងដែរ ដូចជា ប៉េងប៉ោះឆ្អិន និង ការ៉ុតចៀនជាមួយប្រេង ព្រោះរាងកាយអាចស្រូបយកសារធាតុ Lycopene និង Beta-carotene បានល្អបំផុតនៅពេលមានកម្ដៅ និងជាតិខ្លាញ់ល្អ ដើម្បីជួយបង្កើតកោសិកាស្បែកថ្មី និងការពារកាំរស្មីយូវី។ អ្នកក៏មិនគួររំលង សូកូឡាខ្មៅ ដែលជួយឱ្យឈាមរត់ស្រួលនាំអុកស៊ីសែនទៅចិញ្ចឹមស្បែក និង ផ្លែបឺរ ដែលផ្ដល់វីតាមីន E ជួយរក្សាសំណើមស្បែកឱ្យទន់រលោងជានិច្ច។
ជាចុងក្រោយ ការប្រើប្រាស់ រមៀត ក្នុងម្ហូបអាហារនឹងជួយកាត់បន្ថយការឡើងមុន និងធ្វើឱ្យពណ៌ស្បែកស្មើគ្នា រីឯការញ៉ាំ ផ្លែប៉េកាន ដែលសម្បូរស័ង្កសី នឹងជួយជួសជុលកោសិកាស្បែកដែលខូចឱ្យរឹងមាំឡើងវិញ។ ការបញ្ចូលអាហារទាំង ៨ មុខនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ គឺជាវិធីសាស្ត្រធម្មជាតិដ៏វៃឆ្លាតបំផុត ដើម្បីចិញ្ចឹមស្បែកឱ្យមានសុខភាពល្អ ភ្លឺថ្លា និងបង្កើនទំនុកចិត្តក្នុងគ្រប់ស្ថានភាព៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕