យោងតាមការចុះផ្សាយពីប្រភពបរទេស ការលាងសម្អាតស៊ុតមុនពេលរក្សាទុកក្នុងទូទឹកកក គឺជាវិធីសាស្ត្រដ៏ល្អដើម្បីបង្ការការរីករាលដាលនៃបាក់តេរីទៅកាន់អាហារផ្សេងៗទៀត។
ជាទូទៅ ស៊ុតដែលទើបនឹងទិញមកអាចមានជាប់ដី ឬលាមកបសុបក្សី ដែលជាប្រភពមេរោគបង្កជំងឺយ៉ាងសាហាវ។ ដើម្បីរក្សាគុណភាព និងសុវត្ថិភាពចំណីអាហារ អ្នកគួរលាងស៊ុតឱ្យបានស្អាតនៅក្រោមទឹកដែលកំពុងហូរ រួចទុកឱ្យស្ងួតល្អ ទើបដាក់ចូលក្នុងប្រអប់ដែលមានគ្របជិត រួចសឹមយកទៅដាក់ក្នុងទូទឹកកក។ ការធ្វើបែបនេះមិនត្រឹមតែជួយឱ្យស៊ុតរក្សាបាននូវភាពស្រស់ល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធានាថាមិនមានការចម្លងរោគទៅលើបន្លែ ឬសាច់ដទៃទៀតដែលនៅជិតខាងឡើយ។
ស៊ុតគឺជាប្រភពអាហាររូបត្ថម្ភដ៏អស្ចារ្យ សម្បូរទៅដោយប្រូតេអ៊ីន និងសារធាតុ Choline ដែលជួយដល់ការលូតលាស់ខួរក្បាល ជាពិសេសសម្រាប់កុមារដែលគួរញ៉ាំមួយគ្រាប់ក្នុងមួយថ្ងៃ។ ចំពោះមនុស្សពេញវ័យ ការញ៉ាំស៊ុតពី ៣ ទៅ ៤ គ្រាប់ក្នុងមួយសប្តាហ៍គឺជារឿងដែលល្អបំផុតសម្រាប់សុខភាព។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលមានបញ្ហាថ្លើមខ្លាញ់ ឬអង់ស៊ីមថ្លើមឡើងខ្ពស់ក្នុងកម្រិតមធ្យមទៅធ្ងន់ អ្នកជំនាញណែនាំឱ្យកាត់បន្ថយការញ៉ាំស៊ុត និងងាកមកជំនួសវិញនូវប្រភពប្រូតេអ៊ីនដែលមានសុខភាពល្អផ្សេងទៀត ដើម្បីជៀសវាងការប៉ះពាល់ដល់សុខភាពថ្លើមឱ្យកាន់តែធ្ងន់ធ្ងរ៕