យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាទឹកដូងគឺជាភេសជ្ជៈធម្មជាតិដ៏មានឱជារស និងផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងក៏ដោយ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន វាក៏អាចបង្កជាផលវិបាកដល់សុខភាពវិញផងដែរ។
ជាដំបូង អ្នកដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ គួរតែប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹកដូងសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលតម្រងនោមចុះខ្សោយមិនអាចបញ្ចេញចោលបានល្អ រហូតអាចបង្កជាគ្រោះថ្នាក់។ បន្ថែមពីនេះ ស្ត្រីមានផ្ទៃពោះក្នុងត្រីមាសដំបូង (៣ខែដំបូង) ក៏មិនគួរញ៉ាំទឹកដូងដែរ ព្រោះវាមានធាតុត្រជាក់ដែលនាំឱ្យប្រឈមនឹងហានិភ័យនៃការរលូតកូន និងអាចធ្វើឱ្យអាការៈចាញ់កូនកាន់តែធ្ងន់ធ្ងរ ដូចជាការហើមពោះ និងពិបាករំលាយអាហារជាដើម។
ក្រៅពីនេះ អ្នកដែលត្រៀមខ្លួន ឬទើបតែវះកាត់រួច គួរជៀសវាងទឹកដូងយ៉ាងតិច ២ សប្តាហ៍ ព្រោះវាអាចប៉ះពាល់ដល់ការគ្រប់គ្រងសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងអំឡុងពេលវះកាត់។ ចំពោះ អ្នកដែលកំពុងប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាម ឬថ្នាំទឹកនោមផ្អែម ក៏ត្រូវប្រយ័ត្នដូចគ្នា ព្រោះការញ៉ាំទឹកដូងអាចធ្វើឱ្យសម្ពាធឈាម និងជាតិស្ករធ្លាក់ចុះទាបពេកដែលជារឿងគ្រោះថ្នាក់។
ជាចុងក្រោយ សម្រាប់ អ្នកដែលមាន “ធាតុរាងកាយត្រជាក់” (ឧស្សាហ៍ត្រជាក់ដៃជើង ឬអស់កម្លាំង) ក៏មិនសូវល្អក្នុងការញ៉ាំទឹកដូងដែរ ព្រោះជាតិត្រជាក់របស់វានឹងធ្វើឱ្យរាងកាយកាន់តែចុះខ្សោយ និងបាត់បង់តុល្យភាពនៃប្រព័ន្ធមេតាប៉ូលីស៕