យោងតាមការចុះផ្សាយពីប្រភពបរទេស ការកាត់ផ្នែកដុះផ្សិតលើនំអន្សម ឬអាហារផ្សេងៗ រួចយកទៅចម្អិនញ៉ាំបន្ត គឺជាកំហុសដ៏គ្រោះថ្នាក់បំផុត។
តាមពិតទៅ ឫសផ្សិតបានចាក់ចូលជ្រៅទៅក្នុងសាច់នំទាំងមូលរួចជាស្រេច ទោះបីជាយើងមើលមិនឃើញនឹងភ្នែកក៏ដោយ។ អ្វីដែលគួរឱ្យខ្លាចនោះគឺជាតិពុល Aflatoxin ដែលមាននៅក្នុងផ្សិត មិនអាចកម្ចាត់ចោលដោយកម្ដៅបានឡើយ។ ដូច្នេះ ទោះបីអ្នកយកនំទៅចៀនក្នុងប្រេងក្ដៅខ្លាំង ឬអាំងឱ្យឆ្អិនកម្រិតណាក៏ដោយ ក៏ជាតិពុលទាំងនោះនៅតែមានវត្តមាន ដែលអាចបង្កឱ្យមានការពុលអាហារធ្ងន់ធ្ងរ និងបំផ្លាញសុខភាពថ្លើមរបស់អ្នកក្នុងរយៈពេលយូរ។
ដើម្បីការពារសុវត្ថិភាពខ្លួនឯង និងគ្រួសារ ប្រសិនបើឃើញអាហារមានដុះផ្សិត សូម្បីតែបន្តិច ឬមានធំក្លិនខុសប្រក្រតី អ្នកគួរតែសម្រេចចិត្តបោះវាចោលភ្លាមៗ។ កុំព្យាយាមស្ដាយស្រណោះ ឬកែច្នៃអាហារដែលខូចគុណភាពមកទទួលទានវិញឡើយ ព្រោះផលប៉ះពាល់ដល់សុខភាពគឺធ្ងន់ធ្ងរខ្លាំងណាស់៕